អ្នក​ឡើង​ភ្នំ​ជាង​៥០០​នាក់ ត្រូវបាន​សង្គ្រោះ​ពី​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​

828
ចែករម្លែក

ក្រុមមន្ត្រី​បាន​និយាយ​នៅ​អង្គារ​ទី​៣១​ខែកក្កដា​ថា អ្នក​ឡើង​ភ្នំ​ជាង​៥០០​នាក់ និង​ក្រុម​អ្នក​នាំ​ផ្លូវ​របស់​ពួកគេ​ត្រូវបាន​សង្គ្រោះ​ដោយ​ជោគជ័យ​ពី​ភ្នំភ្លើង​ឥណ្ឌូនេស៊ី បន្ទាប់​​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង បាន​បង្ក​ការបាក់​ដី​ដែល​ធ្វើឱ្យ​ពួកគេ​ជាប់​នៅលើ​ភ្នំ​នោះ​។ រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នៅ​កោះ​Lombok ប្រទេស​ឥណ្ឌូនេស៊ី​នេះ បានសម្លាប់​​មនុស្ស​ចំនួន​១៦​នាក់ កាលពី​ថ្ងៃអាទិត្យ​។​

​ថ្ម​ធំៗ​និង​បំណាក់​ដីល្បាប់ បាន​បាក់​និង​ហូរ​បាក់​នៅ​ភ្នំ​Rinjani ដោយសារ​រញ្ជួយ​ដី​កម្លាំង​៦,៤​រិ​ច្ឆ​ទ័​រ​នេះ ដោយបាន​បណ្តាលឱ្យមាន​បំណាក់​ដី​ដែល​បាន​បាក់​រាំងផ្លូវ​​ចេញចូល​នៅ​តំបន់ភ្នំ​នោះ​។​

​ពីដំបូង ពួក​អ្នកទេសចរ​ឡើង​ភ្នំ​ប្រហែល​៥៦០​នាក់ ដែល​ភាគច្រើន​ជា​ជនបរទេស​នោះ ត្រូវបាន​គេ​ជឿថា​បាន​ជាប់​នៅលើ​ភ្នំ​នោះ ។ តែ​អ្នកនាំពាក្យ​អង្គភាព​គ្រប់គ្រង​​គ្រោះមហន្តរាយ បាន​និយាយថា​អ្នក​ឡើង​ភ្នំ​៥៤៣​នាក់ ត្រូវបាន​សង្គ្រោះ រហូតមកដល់​ពេលនេះ​។ ឥឡូវ នៅមាន​មនុស្ស​៦​នាក់ នៅលើ​ភ្នំ​នោះ ប៉ុន្តែ ពួកគេ​ទាំងអស់​​នោះ មាន​សុខភាព​ល្អជា​ធម្មតា​និង​មាន​សុវត្ថិភាព​។​

​អ្នក​ឡើង​ភ្នំ​ជាច្រើន​នាក់ អាច​ចុះ​ពី​ភ្នំ​នេះ​បាន​ដោយ​ខ្លួនឯង កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ក្រុម​អ្នក​នាំ​ផ្លូវ​បាន​រកឃើញ​ផ្លូវ​ចុះទៅ​ខាងក្រោម​វិញ​បាន​ដោយ​សុវត្ថិភាព​៕​ដោយ​៖​សុខា​/SN​

ទីតាំងផ្សាយពាណិជ្ជកម្ម