ដោយៈសុផល / ភ្នំពេញ៖ តំណាងរាស្រ្តជាប់ឆ្នោត សរុប ១២៥ រូប ក្នុងនោះ ១២០ រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៥ រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអានឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥ រូប នៅក្នុងសម័យប្រជុំរដ្ឋសភា ដែលក្នុងនោះ មានសមាជិករដ្ឋសភាក្មេងជាងគេ ចំនួន ៥ រូប។
សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើង បន្ទាប់ពីសម័យប្រជុំ លើកដំបូងរដ្ឋសភា ដែលធ្វើឡើង ក្រោមព្រះរាជអធិបតី ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបិទបញ្ចប់ ជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ នៅមុខវិមានរដ្ឋសភា។
បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង ១២៥ រូប នឹងត្រូវស្បថចូលកាន់តំណែង ក្នុងព្រះបរមរាជវាំង នៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាំងពីរគណៈ នៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះផងដែរ៕ V / N