ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ព្រះជ័យមុនី ធុល សុធា រាជាគណ:ថ្នាក់កិត្តិយសនិងព្រះមេគណខេត្តបន្ទាយមានជ័យនៃគណ:មហានិកាយបានមានសង្ឃដីការក្នុងពិធីប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះគ្រូសីលវិសុទ្ធោ ឡាំ យ៉ារី ដែលជាព្រះចៅអធិការវត្ត វេឡូវនារាម ឫស្សីក្រោក ហៅវត្តឫស្សីក្រោក នៅក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។
លោក បៀវ ថាន ជាប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យនិងព្រះវិជ័យ មុនី ធុល សុធា ព្រះមេគណខេត្តបានមានប្រសាសន៍ និង សង្ឃដីកាស្រដៀងគ្នាថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបនិងការគោរពប្រតិបត្តិ ដល់ជំនឿសាសនាផ្សេងៗ ខណៈដែលសាសនាបង្រៀនប្រៀនប្រដៅដល់មនុស្សឲ្យធ្វើអំពើជាកុសល រីឯការគោរពវិន័យខាងសាសនា ក៏មិនខុសពីការគោរពច្បាប់របស់រដ្ឋដែរ។ ម្យ៉ាងវិញទៀត សាសនាទាំងឡាយ ដែលមានក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន គឺមានសុខដុមនឹងគ្នាយ៉ាងត្រជាក់ត្រជុំប្រកបដោយសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តរួបរួមគ្នានូវគោលដៅ មួយគឺសេចក្ដីសុខក្សេមក្សាន្តនិងការចូលរួមអភិរក្សសង្គមជាតិ។
លោក បៀវ ថាន ក៏បានសុំបិណ្ឌបាត្រគណ:សង្ឃវត្តតែត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ និងអាចារ្យគណៈកម្មការវត្តពង្រឹងនូវគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងវត្តអារាមឲ្យមានរបៀបរៀបរយដោយសាមគ្គីភាពនិងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាម៕/r