ដោយ:សរិទ្ធ/ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ក្រោយអ្នកធ្វើការជាមួយគ្នាមិនឃើញទៅធ្វើការ តេក៏មិនលើក ក៏សម្រេចចិត្តគាស់ទ្វារបន្ទប់ចូលមើល ក៏ប្រទះឃើញបែបនេះតែម្តង សង្ស័យថាខ្យល់គ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួលភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អៀន អន អាយុ៣៨ឆ្នាំ មុនរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
មុនពេលកើតហេតុខណៈបងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នាចាកចេញពីបន្ទប់ជួលទៅកន្លែងធ្វើការដើរកាត់មុខបន្ទប់ជនរងគ្រោះដែរ តែឃើញបិទទ្វារស្មានតែជនរងគ្រោះទៅធ្វើការបាត់ហើយក៏មិនចាប់អារម្មណ៍លុះពេលទៅដល់កន្លែងធ្វើការក៏មិនឃើញជនរងគ្រោះ ក៏សម្រេចតេតាមទូរស័ព្ទទៅ ប៉ុន្តែជនរងគ្រោះមិនបានលើកទូរស័ព្ទឡើយ។
ដោយសង្ស័យ ក៏មកតាមដល់បន្ទប់ជួលតែបន្ទប់ចាក់សោខាងក្នុង ពេលនោះក៏បានសហការជាមួយម្ចាស់បន្ទប់ជួលនាំគ្នាគាស់ទម្លុះចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ។
បើតាមប្រភពមួយទៀតបានបង្ហើបថា កាលពីល្ងាចមិញជនរងគ្រោះបានមកប្រាប់បងប្អូន និងអ្នកជិតខាងថា មិនស្រួលខ្លួន បន្ទាប់មកក៏នាំគ្នាចូលបន្ទប់សម្រាករៀងៗខ្លួនទៅ លុះព្រឹកឡើងបែរជាឃើញស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុពិនិត្យកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ P / N