ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកសួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ដូចបានដឹងហើយថា ចាប់តាំងពីដើមឆ្នាំ ២០០០ មក សហរដ្ឋអាមេរិកនិងបណ្តាប្រទេសសម្ព័ន្ធមិត្តបានដាក់ចេញនូវផែនការនយោបាយនិងយុទ្ធសាស្ត្របដិវត្តិពណ៌សាជាថ្មី បន្ទាប់ពីចលនាបដិវត្តន៍ពណ៌នេះបានស្ងប់ស្ងាត់អស់ ១០ ឆ្នាំ គិតត្រឹមដើមឆ្នាំ ១៩៩០ ។ ដើម្បីផ្តួលរំលំរបបដឹកនាំនៃបណ្តាប្រទេសមួយចំនួន ដែលមានមេដឹកនាំមិនស្របគំនិតជាមួយអាមេរិក ក្រោមលេសចោទប្រកាន់ថា «មិនគោរពសិទ្ធិមនុស្ស» និង «មិនមានលទ្ធិប្រជាធិបតេយ្យ» សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តមិនខ្លាចចាយលុយនិងមិនខ្លាចជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុង នៅក្នុងប្រទេសដែលពួកគេប៉ុនប៉ងប្រើបដិវត្តន៍ពណ៌ដើម្បីបញ្ចប់អំណាចមេដឹកនាំដែលពួកគេមិនពេញចិត្តនោះឡើយ ។ ក្នុងយុទ្ធសាស្ត្របដិវត្តន៍ពណ៌នោះ គេបានចាប់យកប្រជាជនជាគោលដៅទី ១ និងយោធាជាគោលដៅទី ២ និងព្រមទាំងបង្កើតក្រុមសង្គមស៊ីវិលធ្វើជាភ្នាក់ងារកណ្តាលសម្រាប់ទទួលលុយ ទទួលការបណ្តុះបណ្តាល និងធ្វើសកម្មភាពជម្រុញចលករកម្លាំងប្រជាពលរដ្ឋឲ្យងើបបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដើម្បីទម្លាក់មេដឹកនាំដែលពួកគេស្អប់នោះឲ្យធ្លាក់ពីអំណាចដោយបដិវត្តិន៍ពណ៌នេះ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតតាមលំនាំប្រជាធិបតេយ្យនោះទេ ។ ក្រុមប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់ពួកគេ បានជះលុយជាច្រើនរាប់រយលានដុល្លារដើម្បីសម្រេចផែនការបដិវត្តន៍នេះឲ្យបានជោគជ័យ… ។

លោកបានបន្តថា តាំងពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ ២០១៤ ចរន្តចលនាបដិវត្តន៍ពណ៌ត្រូវបានបង្កើតឡើងបន្តជាប់គ្នាពីតំបន់មួយទៅតំបន់មួយ និងបានរីករាលដាលពីប្រទេសមួយទៅប្រទេសមួយ តាមការរៀបចំចាតចែងជាប្រព័ន្ធក្រោមការបញ្ជាឬខ្សែញាក់របស់អាមេរិក ដែលមានលំហូរទឹកប្រាក់ជួយនិងបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយបំផុសឲ្យមានការឈឺចាប់ ដើម្បីឲ្យមានការងើបបះបោរជាបន្តបន្ទាប់ និងបំបែកបំបាក់កម្លាំងយោធាឲ្យបែកចេញពីរដ្ឋាភិបាល គឺ ចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ២០០០ ដូចជាបដិវត្តន៍ប៊ុលដូស័រ (Bulldozer Revolution)ក្នុងអតីតយូហ្គោស្លាវីឆ្នាំ២០០០ បដិវត្តន៍ផ្កាកុលាប (Rose Revolution)នៅហ្សកហ្ស៊ី (Georgia) ឆ្នាំ២០០៣ បដិវត្តន៍ពណ៌ទឹកក្រូច(Orange Revolution)នៅអ៊ុយក្រែនឆ្នាំ២០០៤ បដិវត្តន៍ឯករាជ្យ (Cedar Revolution)នៅលីបង់ក្នុងឆ្នាំ២០០៥ បដិវត្តន៍ពណ៌ ខៀវ (Blue Revolution)នៅកូវ៉ែត ជាដើម ។ ចលនាបដិវត្តន៍ពណ៌នេះគឺជាបាតុកម្ម  មហាជន ប្រឆាំងនឹងលទ្ធផលបោះឆ្នោតបន្ទាប់ពីជម្លោះនៃការបោះឆ្នោតដើម្បីទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ឬទម្លាក់មេដឹកនាំចេញពីអំណាចជាដើមដែលកើតឡើងក្នុងតំបន់ អឺរ៉ុប ។ បន្ទាប់មកគឺ បដិវត្តន៍ពណ៌ដែលគេឱ្យឈ្មោះថានិទាឃរដូវអារ៉ាប់ (Arab_Spring) ដែលជាចរន្តបដិវត្តន៍ដើម្បីសេរីភាព របៀបជាបាតុកម្ម កុបកម្ម និងសង្គ្រាមស៊ីវិលនៅក្នុងពិភពអារ៉ាប់ ដោយចាប់ផ្តើមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ នៅទុយនីស៊ី (Tunesia Revoltion) រីករាលដាលទៅក្នុងដែនដីអារ៉ាប់ តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងដែលភាគច្រើនកើតឡើងដោយក្រុមសិស្ស និស្សិត យុវជន ដោយប្រើប្រាស់បណ្តាញព័ត៌មានសង្គម(Social Media) ធ្វើជាឧបករណ៍ប្រមូលផ្តុំគ្នា ដើម្បីធ្វើបដិវត្តន៍ ។ ចលនានេះបានកើតឡើងនៅមជ្ឈិមបូព៌ា ហើយចលនាបដិវត្តន៍ពណ៌នេះបានកើតឡើងក្នុងរដ្ឋមួយចំនួនដូចជា ទុយនីស៊ី អេហ្សីប លីប៊ី យេម៉ែន បារ៉ែន ស៊ីរី អាល់ហ្សេរី អឺរ៉ាក់ ហ្សកដានី កូវ៉ែត ម៉ារ៉ុក ស៊ូដង់ ម៉ូរីស អូម៉ង់ អារ៉ាប៊ីសាអូឌីត ជីប៊ូទី សាហារ៉ាខាងលិច ប៉ាឡេស្ទីន ម៉ាលី ជាដើម ។ ចលនាបដិវត្តន៍ពណ៌នេះក៏ ជះឥទ្ធិពលដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរដូចជាចលនានិស្សិតផ្កាឈូករ័ត្ន (Sunflower Student Movement) ពីថ្ងៃទី១៨ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ដោយក្រុមនិស្សិតចូលទៅគ្រប់គ្រងសភាតៃវ៉ាន់ និងចលនាឆត្រ ឬបដិវត្ដន៍ឆត្រ (Umbrella Movement/Revolution) នៅហុងកុងនៅខែកញ្ញា ឆ្នាំ២០១៤ ដោយប្រើប្រាស់គោលការណ៍ មិនសហការរបស់មហាជនស៊ីវិលជាមួយរដ្ឋាភិបាលហុងកុង ហើយពិសេសនោះក៏បានបាញ់មុខព្រួញមករកកម្ពុជា តាមរយៈគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិល និងសហជីព ដែលពួកគេគាំទ្រលុយកាក់ ធនធាន បច្ចេកទេស និងការបណ្តុះបណ្តាលទុករួចជាស្រេច ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានលើកឡោះងថា ចរន្តចលនាបដិវត្តន៍ពណ៌ដែលឆ្ពោះមកក្នុងប្រទេសកម្ពុជា បានក្លាយទៅជាសមរភូមិប្រយុទ្ធយ៉ាងស្រួចស្រាវរវាងរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា (បុរសខ្លាំងរបស់កម្ពុជា) ជាមួយនិងពួកលោកខាងលិចដែលជាម្ចាស់និងជាមេដឹកនាំមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌នេះ ។ ក្រុមប្រទេសលោកខាងលិច គេពិតជាមានសុទិដ្ឋិនិយមខ្លាំងក្នុងការប្រើប្រាស់ បដិវត្តន៍ពណ៌ ដើម្បីបញ្ចប់ការគ្រប់គ្រងអំណាចរបស់ សម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងរបស់កម្ពុជា ។ ដោយមានទូតអាមេរិកជាបង្អែក ជាមេដឹកនាំគាំទ្រពួកចលនាប្រឆាំងរួមមាន បក្សនយោបាយដែលពួកគេគាំទ្រ ក្រុមសង្គមស៊ីវិល និងសហជីព ដែលពួកគេឲ្យលុយបង្កើតនិងធ្វើសកម្មភាពនោះ ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រ «ចូលរួមការបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត» ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋឲ្យងើបបះបោរតវ៉ាលទ្ធផលនៃការបោះឆ្នោត រួចធ្វើបាតុកម្មដើរតាមផ្លូវស្រែកទាមទារទម្លាក់រដ្ឋាភិបាល… ។ កម្លាំងបូករបស់ពួកគេគឺ ចលនាសហជីពដែលពួកគេប្រើលេសចេញធ្វើបាតុកម្មនិងកូដកម្ម ទាមទារតម្លើងបហរាក់ខែព្រមគ្នារួច ចេញដើរតាមផ្លូវមកផ្គួបគ្នាជាមួយនិងកម្លាំងប្រជាពលរដ្ឋដែលតវ៉ារឿងសន្លឹកឆ្នោត ។ មិនតែប៉ុណ្ណោះគេបានបង្កើតអង្គការសាសនា ដោយយកព្រះសង្ឃពុទ្ធសាសនាធ្វើជាខែលឲ្យចេញមុខដឹកនាំសូត្រធម៌ធ្វើធម្មយាត្រាក្រោមលេសសុំសន្តិភាពកុំឲ្យមានអំពើរហឹង្សា ស្របពេលដែលពួកគេជាអ្នករៀបចំផែនការបង្កើតសកម្មភាពហឹង្សាវាយតប់គប់ដុំថ្មលើកម្លាំងសន្តិសយខប្រដាប់អាវុធ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ ជាមួយគ្នានោះផងដែរ បណ្តាញសារព័ត៌មានបរទេសដែលពួកគេជាម្ចាស់ បានខំផ្សព្វផ្សាយដោយថតផ្តិតយកតែរូបភាពអាក្រក់ៗពីខាងរដ្ឋាភិបាលយកទៅផ្សាយដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋឲ្យក្តៅក្រហាយ… ចំណែកឯក្រុមសភាអាមេរិកនោះវិញក៏មិនស្ងៀមដែរ ពោលគឺគេចេញលិខិតឬញត្តិគាំទ្របាតុករនិងកូដករ រួចបង្កើតសកម្មភាពខ្នះខ្នែងរៀបចំបង្កើតច្បាប់ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តឲ្យក្រុមបាតុករនិងកូដករ មានកម្លាំងលែងខ្លាចស្លាប់ ។

ប្រភពដដែលបានបន្តទៀតថា នៅកម្ពុជា សកម្មភាពបដិវត្តន៍ពណ៌ទាំងអស់មិនថាតូចឬធំ ទើបប្រមូលផ្តុំតិចឬច្រើន ប៉ុណ្ណានោះទេ គឺត្រូវបានគ្រប់គ្រងសភាពការណ៍ និងក្តោបក្តាប់បាននូវផែនការអស់នេះយ៉ាងច្បាស់ជាមួយនឹងវិធានការពារសន្តិសុខផ្ទៃក្នុងយ៉ាងដិតដល់មានប្រសិទ្ធិភាព ពីសំណាក់រដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ។ បុរសខ្លាំងនៃកម្ពុជារូបនេះ នៅតែប្រើនយោបាយការទូតទន់ភ្លន់ តែម៉ឺងម៉ាត់ជាមួយនិងបណ្តាទូតទាំងអស់នៅភ្នំពេញ រួមទាំងទូតរបស់សហរដ្ឋអាមេរិកផង… ហើយនយោបាយការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិ នៅអង្គការសហប្រជាជាតិក៏បានឈរលើជំហរនយោបាយ «ឯករាជ្យផ្អែកលើច្បាប់» ដែលណែនាំដោយប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ។ ពិសេសជាងនេះទៅទៀតនយោបាយដឹកនាំដ៏ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតឲ្យកម្ពុជា ក្លាយជាចំណាប់ខ្មាំងព្រោះតែជំនួយបរទេស… ហើយខិតខំប្រើធនធានខ្លួនឯងដើម្បីពង្រឹងខ្លួន ដោយមិនខ្វល់ជាមួយនឹងការគាបសង្កត់ដាក់ទណ្ឌកម្មពីបរទេសដូចជាករណីកាត់ ABA ការចោទប្រកាន់លាបពណ៌ពីអាមេរិកលើអ្នកវិនិយោគទុនចិននៅកម្ពុជា ការគំរាមដក GSP និងរួមទាំងរបាយការណ៍សរសេរអាក្រក់ពីកម្ពុជាមួយចំនួនពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាដើម ។ នយោបាយ សន្តិសហវិជ្ជមាន ដោយមិនបណ្តោយខ្លួនឲ្យកម្ពុជាបាត់អព្យាក្រិតភាពរបស់ខ្លួនក្នុងពេលដែលមហាអំណាចអាមេរិកនិងចិនធ្វើសង្គ្រាមពាណិជ្ជកម្មនុងមនោគមនីវិជ្ជាដើម្បីពង្រីកឥទ្ធិពលនិងដណ្តើមភូមិសាស្ត្រនយោបាយគ្នានោះ បានធ្វើឲ្យកម្ពុជាក្លាយជាចំណុចស្នូលដែលពិភពលោកទាំងមូលមិនអាចខ្វះបាន និងបានកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឲ្យរឹតតែមានឥទ្ធិពលទាំងក្នុងតំបន់និងពិភពលោក ហើយដែលពិភពលោកត្រូវតែទទួលស្គាល់នូវតម្លៃសន្តិភាពដែលកម្ពុជាមាននិងកំពុងផ្តល់នូវភាពសុខដុមនីយកម្មជាតិ សាសនា ជូនប្រជាពលរដ្ឋរបស់កម្ពុជា ។

បើទោះបីជា អាមេរិកកាំង មិនពេញចិត្តនឹងអ្វីដែលកម្ពុជាមាន ហើយខកចិត្តនិងអាម៉ាស់ផងព្រោះតែ យុទ្ធសាស្ត្រនយោបាយបដិវត្តន៍ពណ៌របស់ខ្លួនបរាជ័យក្នុងប្រទេសកម្ពុជា ព្រមទាំងម្តងម្កាលសហរដ្ឋអាមេរិកតែងបង្កើតរឿងមិនពិត វ៉ៃប្រហារមកលើកម្ពុជា ដូចជាករណីកំពង់ផែតារាសាគរ នៅរាមក្នុងខេត្តព្រះសីហនុ នោះជាដើមក៏ដោយ… ក៏កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា នៅតែបង្ហាញភាពទន់ភ្លន់ជាមួយសមភាគីអាមេរិក ដោយប្រាប់ទៅសហរដ្ឋអាមេរិកថា ៖ «កម្ពុជា នៅតែចង់ធ្វើជាមិត្តរបស់អាមេរិក» ដូចកម្ពុជាកំពុងធ្វើជាមិត្តជាមួយបណ្តាប្រទេសនានាដែលមានការទូតជាមួយកម្ពុជាដែរ ។

លោកសេរីរដ្ឋា បានបញ្ជាក់ថា ចំណុចពិសេសនៃ នយោបាយការបរទេស «ឯករាជ្យផ្អែកលើច្បាប់» និងជំហរ «ប្តេជ្ញាការពារសន្តិភាព និងអធិបតេយ្យភាព» របស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា នេះហើយដែលបានដឹកនាំកម្ពុជាឲ្យជៀសផុតពីឥទ្ធិពលនយោបាយបដិវត្តន៍ពណ៌របស់ក្រុមប្រទេសលោកខាងលិច ដែលចង់បំផ្លាញកម្ពុជា… ព្រមទាំងបានសម្រេចនូវនយោបាយផ្ទេរការដឹកនាំប្រទេសឲ្យទៅអ្នកបន្តវេនបានជោគជ័យនៅក្រោមដំបូលសន្តិភាព ដែលពុំធ្លាប់មានតាំងពីក្រោយសម័យអង្គរមក ។ បរាជ័យនៃនយោបាយបដិវត្តន៍ពណ៌នៅកម្ពុជានេះហើយ ដែលបានធ្វើឲ្យឥទ្ធិពលបដិវត្តន៍ពណ៌ត្រូវបានសាបរលាប លែងអាចបន្តកើតមាននៅប្រទេសណាផ្សេងៗទៀត ។ យើងអាចនិយាយបានថា អណ្តាតភ្លើងបដិវត្តន៍ពណ៌ដែលគេបង្កាត់ចាប់ផ្តើមឲ្យឆេះចេញពីអឺរ៉ុប មកអារ៉ាប់ រាលដាលចូលមកអាស៊ីដល់ ហុងកុង និងព្យាយាមបំពក់ឲ្យឆេះនៅកម្ពុជានោះ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ពន្លត់កំទេចអណ្តាតភ្លើងបដិវត្តនពណ៌នេះឲ្យរលត់ត្រឹមកម្ពុជា លែងឲ្យបន្តរាលដាលទៅប្រទេសណាទៀត ។

នេះគឺជាគុណបំណាចដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ដែលបានសង្គ្រោះបណ្តាប្រទេសដ៏ទៃទៀតលើពិភពលោកមកឲ្យរងគ្រោះដោយអណ្តាតភ្លើងបដិវត្តន៍ពណ៌… ដោយយុទ្ធសាស្ត្រនយោបាយការបរទេសនិងជំហរនយោបាយឯករាជ្យនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាគឺបានបន្សាបឥទ្ធិពលនិងពន្លត់ភ្លើងបដិវត្តន៍ពណ៌បានយ៉ាងមានប្រសិទ្ធិភាពនិងជោគជ័យមិនមែនសម្រាប់តែកម្ពុជានោះទេ តែគឺសម្រាប់ពិភពលោកទាំងមូល៕srn / N