ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រទេសថៃកំពុងត្រៀមខ្លួនសម្រាប់ភាពចលាចលនយោបាយនៅថ្ងៃអង្គារនេះ ខណៈដែលអតីតមេដឹកនាំជាមហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គ្រោងនឹងវិលត្រឡប់មកវិញក្រោយការនិរទេសខ្លួនអស់ ១៥ ឆ្នាំ ពោលគឺតែប៉ុន្មានម៉ោងមុនពេលសភាដែលជាប់គាំងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនត្រូវគេរំពឹងថានឹងមកដល់អាកាសយានដ្ឋានដនមឿងទីក្រុងបាងកកនៅម៉ោង ៩៖០០ ព្រឹក ហើយត្រូវចាប់ខ្លួនភ្លាមៗនៅក្នុងរឿងរ៉ាវនយោបាយដ៏ច្របូកច្របល់ចុងក្រោយបង្អស់របស់ព្រះរាជាណាចក្រមួយនេះ។
សភានឹងបោះឆ្នោតនៅពេលរសៀលថ្ងៃអង្គារនេះថាតើត្រូវអនុម័តទទួលយកមហាសេដ្ឋីធុរកិច្ច លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីនៅឯក្រុមចម្រុះ និង បញ្ចប់ការជាប់គាំងនយោបាយរយៈពេលបីខែ ដែលបានចាប់ផ្តើមជាមួយនឹងការបោះឆ្នោតកាលពីខែឧសភា ឬយ៉ាងណា។
លោកថាក់ស៊ីនអាយុ ៧៤ ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីពីរដងប៉ុន្តែត្រូវបានបណ្តេញចេញនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ បាននិយាយថា ឥឡូវនេះគាត់មានឆន្ទៈក្នុងការប្រឈមមុខនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ ដែលគាត់បានទៅនិរទេសខ្លួននៅបរទេសដើម្បីគេចវេស។
គាត់បានបង្ហោះនៅលើ X កាលពីរសៀលថ្ងៃចន្ទថា “ខ្ញុំចង់ស្នើសុំការអនុញ្ញាតត្រឡប់ទៅរស់នៅលើទឹដីថៃវិញនិងចែករំលែកខ្យល់ដកដង្ហើមជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ”។
គាត់គ្រោងនឹងមកដល់តាមយន្តហោះឯកជន ហើយនឹងត្រូវជួបប៉ូលិសមុនពេលបញ្ជូនទៅតុលាការកំពូល ទទួលដីកាជាប់ពន្ធនាគារ និង បញ្ជូនទៅឃុំខ្លួន។
លោក ដាំរ៉ុងសាក់ គីតទីប្រាផាស (Damrongsak Kittiprapas) អគ្គស្នងការនគរបាលជាតិ បាននិយាយថា “យើងត្រៀមខ្លួនគ្រប់ពេល ពេលណាដែលគាត់ត្រឡប់មកវិញ”។
ប៉ូលិសកំពុងត្រៀមសម្រាប់ជំនន់អ្នកគាំទ្រថាក់ស៊ីនមកស្វាគមន៍គាត់ ដោយគណបក្សភឿថៃរបស់គាត់បាននិយាយថា ពួកគេអាចមានចំនួនរាប់ពាន់នាក់។
លោកថាក់ស៊ីនត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួន បើទោះបីជាអាជ្ញាយុកាលបានផុតកំណត់ក្នុងករណីមួយក៏ដោយ។ ទោសជាប់ពន្ធនាគារសរុបរបស់គាត់គឺ១០ឆ្នាំ។
គេមិនដឹងថាតើលោកថាក់ស៊ីនអាចនឹងជាប់គុកប៉ុន្មានឆ្នាំនោះទេ។ សហការីរបស់គាត់សង្ឃឹមថា គាត់អាចនឹងត្រូវផ្ទេរទៅឃុំឃាំងក្នុងផ្ទះ បន្ទាប់ពីជាប់គុកមួយរយៈពេលខ្លី បើទោះបីជាមិនមានការធានាបែបនេះក៏ដោយ៕