ដោយៈតារារិទ្ធ / ភ្នំពេញ៖ ក្នុងនាមជា ប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យគ្រប់ មជ្ឈដ្នានទាំងអស់ ចូលរួមអនុវត្តយ៉ាងសកម្មនូវ « កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិ បាល ។
ថ្លែងទៅមុខរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី ២២ ខែសីហា ២០២៣ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់អង្គរដ្ឋសភាទាំងមូល និងតាមរយៈរដ្ឋសភា សូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់,ទាំងនៅក្នុង និងក្រៅប្រទេស ហើយក៏ឆ្លៀតក្នុងឱកាសនេះដែរ សូមអំពាវនាវដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៅតាមបណ្តា ក្រសួង និង សា្ថប័ននានា នៃអង្គនីតិប្បញ្ញត្តិ, អង្គនីតិប្រតិបត្តិ, អង្គតុលាការ, កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ និងស្ថាប័នថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូ និងតួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលក្នុងនោះរួមមាន ដៃគូទ្វេភាគី និង ពហុភាគី, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, មេត្តាផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង និង ចូលរួមអនុវត្តយ៉ាងសកម្មនូវ «កម្មវិធីនយោបាយ» នេះឱ្យទៅជាចលនារួមដ៏ខ្លាំងក្លា, ប្រកបដោយជវភាព, សំដៅសម្រេចឱ្យបាន នូវជោគជ័យ ជាផ្លែផ្កា សម្រាប់ជាឧត្តម ប្រយោជន៍ ជូនប្រជាជនកម្ពុជា ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញ ព្រមទាំងនឹងជំរុញអនុវត្ត ឱ្យបានជោគជ័យនូវ «យុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី ១” ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចនៃ “កម្មវិធីនយោបាយ» នេះ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្ដែងនូវសេចក្ដីគោរពនិងការដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានឃើញយ៉ាងច្បាស់នូវសច្ចភាព នៃការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយបានផ្តល់ជំនឿ និង ការគាំទ្រដ៏ធំធេង ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល ។ ដោយផ្អែកលើមូលដ្ឋាន នៃការគាំទ្ររបស់ប្រជាជន, រាជ រដ្ឋាភិបាល ប្ដេជ្ញាប្រមូលផ្តុំកម្លាំងប្រឹងប្រែង ជំរុញអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យបានសម្រេចជោគជ័យដ៏ត្រចេះត្រចង់ ៕ V / N