ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ យប់ថ្ងៃទី២១ សីហា កីឡាករ កីឡាការិនី ប៉េតង់កម្ពុជា បានត្រឡប់ពីការប្រកួតជើងឯកអាស៊ីលើកទី៥ នៅប្រទេសម៉ាឡេស៊ី វិញហើយ។
ព្រឹត្តិការណ៍នេះ កម្ពុជាដណ្ដើមបានមេដាយ ចំនួន ៦គ្រឿង គឺ មេដាយមាស ១វិញ្ញាសា លើវិញ្ញាសាវាយកពិន្ទុនារី ដណ្តើមបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា, មេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា បុរស ៣នាក់ទល់៣នាក់ (ក្រុមB) ដណ្តើមបានដោយកីឡាករ ស៊ីន វង់, អៀត សុផាត, សុខ ចាន់មាន និងកីឡាករ ហេង ថន។
ចំពោះមេដាយសំរឹទ្ធ ៤គ្រឿង ដណ្តើមបានលើវិញ្ញាសា បុរសវាយយកពិន្ទុ ដោយកីឡាករ ថោង ឈឿន, វិញ្ញាសា យុវជន ៣នាក់ទល់៣នាក់,វិញ្ញាសានារី នាក់ទល់៣នាក់, បុរស ៣នាក់ទល់៣នាក់ (ក្រុមA)។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅស្វាគមន៍ ចំពោះការមកដល់នេះ។
កីឡាការិនី អ៊ុន ស្រីយ៉ា បានលើកឡើងថាៈ ការប្រកួតជើងឯកអាស៊ីនេះ មានការប្រកួត ដ៏តឹងតែងខ្លាំង ដោយសារកីឡាការិនី ក្នុងទ្វីបអាស៊ី សុទ្ធតែខ្លាំងៗ។ កីឡាការិនីរូបនេះ បានបន្តថាៈ ទម្រាំដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុនារីនេះ ត្រូវប្រកួត ដោយប្រយ័ត្នប្រយែងជាខ្លាំង។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រីយ៉ាបានយកឈ្នះ កីឡាការិនីថៃ និងចុងក្រោយ បានយកឈ្នះកីឡាការិនី ម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។
កញ្ញា គីន សំណាង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលដឹកនាំ ប្រតិភូចូលរួមប្រកួតជើងឯកអាស៊ីនេះ បានបញ្ជាក់ថាជើងឯកអាស៊ីលើកទី៥នេះ បានដំណើការប្រកួត ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលមាន ១៥ ប្រទេស ចូលរួម។ កម្ពុជា បានបញ្ជូនប្រតិភូចំនួន ១៦ នាក់ ចូលរួមក្នុងនោះ មានគ្រូបង្វឹក ៤នាក់ និងប្រតិភូដឹកនាំ ២នាក់ ក្រៅពីនោះជាកីឡាករ កីឡាការិនី។
កញ្ញា អគ្គលេខាធិការរងរូបនេះ បានបន្ថែមថាៈ នេះជាការប្រកួតដ៏តឹងតែង ដែលទម្រាំ កីឡាករ កីឡាការិនីកម្ពុជា ដណ្តើមបាន ១ពិន្ទុ គឺមានការលំបាក ដោយសារតែកីឡាករ កីឡាការិនី នៃបណ្តាប្រទេសផ្សេងៗ ដែលចូលរួម គឺសុទ្ធសឹងមានគុណភាពខ្ពស់ៗ ជាងបណ្តាឆ្នាំកន្លងទៅ៕ V / N