ដោយៈសុផល/ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្តនូវ «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣–២០២៦»។
គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយនិងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍ គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខតាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗ រួមមានទី១).ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និង ទី២).ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាបតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវ ២១ សកម្មភាពអនុវត្តសម្រាប់ឆ្នាំ២០២៣–២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺ កូវីដ–១៩ (ឆ្នាំ២០១៩) ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់ នៅត្រឹមឆ្នាំ២០២៦៕