ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតកីឡាមធ្យមសិក្សា ថ្នាក់ជាតិនឹងធ្វើពីថ្ងៃទី២ដល់ទី១១កញ្ញានារាជធានី ភ្នំពេញ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រង ព្រឹត្តិការណ៍កីឡា បញ្ជាក់ថាការប្រកួតកីឡាសិស្សសិស្សមធ្យម សិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣២៥៧នាក់ លើ១២ប្រភេទកីឡារួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT(World Taekwondo) តេក្វាន់ដូ ITF(International Taekwondo Federation) ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងការ៉េតេ ដែលស្មើនឹង ១០៥វិញ្ញាសា។
ក្នុងកិច្ចប្រជុំនាយបេសកកម្មលោក ដួង មាសចំរើន អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកីឡាដោយមានការចូលរួមពីសំណាក់លោកប្រធានអនុប្រធាននាយកដ្ឋានប្រធានអនុប្រធានការិយាល័យរាជធានីខេត្តតំណាងសហព័ន្ធជាតិព្រមទាំងមន្ត្រីរាជការនៃនាយកដ្ឋានជំនាញជាច្រើនរូបបានមានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា។ មិនតែប៉ុណ្ណោះវានឹងជួយជំរុញឱ្យសិស្សានុសិស្សមានសកម្មភាពរាងកាយមានសុខមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិតនិងតស៊ូស្វិតស្វាញសំដៅ ដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួតទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករកីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀម លក្ខណៈសម្រាប់ការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឱ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម៕srn/r