ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះគឺជាថ្ងៃប្រវត្តិសាស្រ្តដ៏អស្ចារ្យ ដែលប្រទេសពីរ គឺកម្ពុជា-ថៃ កាន់របប​រាជានិយមដូចគ្នានៅ​ជិតខាងគ្នា ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។

ឯកឧត្តមបណ្ឌិតទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយក​បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅល្ងាចថ្ងៃនេះខ្ញុំបានទូរសព្ទ អបអរសាទរគ្នាទៅវិញទៅមក ជាមួយ​នាយករដ្ឋមន្រ្តី​ថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយ​យើងទាំងពីរនាក់បានប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើន​បន្ថែមទៀត»។

ប្រភពដដែលបន្តថា នៅក្នុងកិច្ចសន្ទនាប្រកបដោយក្តីរីករាយរវាងមេដឹកនាំថ្មីទាំងពីរនោះ, ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តីថៃ បានថ្លែងប្រាប់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលទី១ ដែលបានទូរសព្ទអបអរសាទរជូនលោក បន្ទាប់ពីក្លាយ​ជានាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ចំណែកនៅរសៀលថ្ងៃទី២២ ខែសីហា ដដែល សភាថៃ​ក៏បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែ៕ សរន / N