ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃស្អែក ទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ ឱកាសការងារសរុប ចំនួន ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១0 នឹងត្រូវបានផ្តល់ ជូនយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារធ្វើ ក្នុងវេទិកាការងារ ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើយោងតាមការឱ្យដឹង ពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា៖ ចំពោះសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន IFL។

ទាក់ទិនក្នុងរឿងនេះ លោក នៅ សិទ្ធី មន្ត្រីធនធានមនុស្ស ធនាគារ កាថេ យូណៃធីត បានលើកឡើងថាៈ វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ ដល់ក្រុមហ៊ុន កន្លងមក ក្នុងការជ្រើសរើសបុគ្គលិក ព្រោះកម្មវិធីនេះ បានផ្តល់ឱកាស ដល់ខាងក្រុមហ៊ុន បានជួបដោយផ្ទាល់ ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ ប្តូរការងារជាដើម។

លោកបានបញ្ជាក់ថាៈ កន្លងមក ធនាគារ កាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសាររួចមកហើយដែរ។ ជាលទ្ធផល ធនាគារ ទទួលបានបុគ្គលិក ជាច្រើនរូប បាននិងកំពុងបម្រើការងារ ជាមួយធនាគារផងដែរ។ លោកមានជំនឿថា សម្រាប់វេទិកាការារ ថ្ងៃស្អែកនេះ នឹងមានសិស្ស/និស្សិតជាច្រើន មកចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារ ជាមួយនឹងធនាគារ តាមរយៈការផ្សព្វផ្សាយរបស់ NEA។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង ១0 នោះ រួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕ V / N