ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញ ក្រោន បានគូសបញ្ជាក់ មុនការប្រកួតជាមួយក្រុម Tampines Rovers FC របស់សឹង្ហបូរី ថា លោកបានសិក្សាច្រើនពីគូប្រកួត ហើយគូប្រកួតរបស់លោក ល្ងាចនេះ គឺជាក្រុមមួយដ៏រឹងមាំ ដែលមានកីឡាករដ៏មានសក្ដាច្រើន។
ល្ងាចថ្ងៃទី២៣ ខែសីហា នេះ ក្នុងវគ្គជម្រុះ Play-Off សម្រាប់ការប្រកួតជើងឯក ក្លិបបាល់ទាត់អាស៊ី AFC Cup 2023 ដើម្បីដណ្ដើមកៅអី វគ្គចែកពូល (Group Stage) នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី។
លោកបានបន្តថាៈ ការប្រកួតនេះ នឹងមិនមែនជាការប្រកួតងាយស្រួល សម្រាប់ក្រុម ទាំងពីរនោះទេ។
កាលពីថ្ងៃទី១៦ សីហា កន្លងមក ក្រុមជើងឯកលីគកំពូលកម្ពុជា ៨ សម័យកាល ភ្នំពេញក្រោន បានទម្លាក់ក្រុមឡាវ Young Elephants FC ក្នុងវគ្គជម្រុះបឋម (Preliminary Stage)ដោយលទ្ធផល ៣ទល់០ លើទឹកដីខ្លួនឯង។ ចុះល្ងាចនេះ តើភ្នំពេញក្រោន អាចបន្ដយកឈ្នះក្រុមសិង្ហបុរី ដើម្បីឡើងទៅវគ្គបន្ដទៀត បានទេ? ។
សម្រាប់ការប្រកួត រវាងក្រុមភ្នំពេញក្រោន របស់កម្ពុជា និងក្រុមម្ចាស់ផ្ទះ Tampines Rovers ក្រុមណាទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គចែកពូល នៃពានរង្វាន់ កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដែលគ្រោងនឹងធ្វើការប្រកួត ពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។
កីឡាករ អ៊ន ចាន់ប៉ូលីន កាពីទែនក្រុមរបស់ភ្នំពេញក្រោន បានលើកឡើងដែរថាៈ យើងព្យាយាមរៀបចំក្រុមបន្ថែមទៀត ហើយសម្រាប់ការប្រកួតនេះ យើងដឹងថា ពួកគេជាក្រុមខ្លាំង ជាមួយនឹងកីឡាករល្អៗ ហើយមួយទៀតនោះ គឺពួកគេលេងនៅក្នុងដី របស់គេ ដែលនេះគឺ ជាផលចំណេញមួយសម្រាប់គេ។ ប៉ុន្តែសម្រាប់យើង អ្វីដែលសំខាន់នោះ គឺការរៀបចំការប្រកួតនេះ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ក្នុងនាមជាក្រុមតំណាងឲ្យកម្ពុជា។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរបស់ភ្នំពេញក្រោន បានបន្ដថាៈ សម្រាប់ការប្រកួតនេះ យើងរំពឹងថា គឺជាការប្រកួតដ៏តានតឹង សម្រាប់ក្រុមទាំងពីរ ហើយបើសិនជា ក្រុមណាមួយ មានកំហុសនោះ នឹងធ្វើឲ្យមានការប្រែប្រួល។ ខ្ញុំមិនគិតថា ក្រុមទាំងពីរ មានឱកាសច្រើននោះទេ ប៉ុន្តែពួកយើង នឹងបង្ហាញឲ្យអស់ ដើម្បីឲ្យអ្នកគាំទ្ររបស់យើង រីករាយជាមួយនឹងការប្រកួតនេះ៕ V / N