ដោយ:ពៅនិមល/ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ បានឲ្យដឹងថា ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។
សូមបញ្ជាក់ថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហានេះ៕ P / N