ដោយៈប.ខុន/ភ្នំពេញៈ ភាពរាំងស្ងួតនៅក្នុងខេត្តឧត្តរមានជ័យនៅតែបន្តអូសបន្លាយធ្វើឱ្យដំណាំស្រូវនៅក្នុងស្រុកបន្ទាយអំពិលប្រឈមការខ្វះទឹកធ្ងន់ធ្ងរព្រមពេលជាមួយគ្នានេះអ្នកនាំពាក្យរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាកសិករត្រូវប្រើប្រាស់ទឹកដោយការប្រុងប្រយ័ត្ន ថែរក្សាទឹកដែលមានស្រាប់នៅក្នុងស្រែឱ្យបានល្អ ព្រោះពីពេលនេះរហូតដល់ដំណាច់ខែសីហាមិនឃើញមានសញ្ញាណភ្លៀងធ្លាក់មកច្រើននោះទេ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែសហាឆ្នាំ២០២៣ថា ភាពរាំងស្ងួតនៅក្នុងខេត្តឧត្តរមានជ័យដែល នៅតែបន្តអូសបន្លាយបានធ្វើឱ្យមានការប៉ះពាល់ដំណាំស្រូវវស្សា(ស្រូវព្រោះ)ធ្ងន់ធ្ងរជាងគេនៅក្នុងស្រុកបន្ទាយអំពិល តែជាទូទៅមិនទាន់ខូចទាំងស្រុងនោះទេ ប្រសិនបើមានភ្លៀងមកដល់ក្នុងរង្វង់ពីរបីថ្ងៃខាងមុខនោះវានឹងលូតលាស់បន្តឡើងវិញ ដោយគ្រាន់តែថយចុះទិន្នផល។
ប្រធានមន្ទីរខាងលើបញ្ជាក់ថានៅក្នុងចំណោមមួយក្រុងបួនស្រុកនៃខេត្តឧត្តរមានជ័យក្នុងរដូវវស្សានេះ ស្រុកបន្ទាយអំពិលទទួលបានរបបទឹកភ្លៀងធ្លាក់តិចជាង គេ។ តែជាទូទៅនៅខេត្តឧត្តរមានជ័យរបាយទឹកភ្លៀងគិតមកដល់ត្រឹមថ្ងៃទី២៣ខែសីហានេះ មានបរិមាណតិចជាងឆ្នាំ២០២២រហូតដល់៤០០មីលីម៉ែត្រនាំឱ្យបណ្តាអាងទឹកនៅមួយចំនួននៅក្នុងស្រុកបន្ទាយអំពិលដែលបានបញ្ចេញទឹកប្រើប្រាស់អស់ច្រើនកាលពីដើមរដូវនោះមកដល់ពេលនេះមិនទាន់មានទឹកគ្រប់គ្រាន់។
ទោះជាយ៉ាងណាលោកញឺន កួន បាននិយាយដោយនៅតែមានសង្ឃឹមថាតំបន់ដែលជួបភាពរាំងស្ងួតអូសបន្លាយពេលយូរនៅក្នុងស្រុកបន្ទាយអំពិលតែងកើតមានជាញឹកញាប់ នាបណ្តាឆ្នាំកន្លងទៅហើយនឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់មកវិញនៅក្នុខែកញ្ញា។សម្រាប់ក្រុងសំរោង ស្រុកចុងកាល់ ត្រពាំងប្រាសាទ មកដល់ពេលនេះមិនមានបញ្ហាចោទរឿងខ្វះទឹក ដូចនៅស្រុកបន្ទាយអំពិលនោះទេ។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិកាក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែសីហាថាបណ្តាខេត្តដែលប្រឈមទៅ នឹងបញ្ហាខ្វះទឹកសម្រាប់ដំណាំស្រូវកន្លងទៅមានខេត្តកំពង់ស្ពឺ ព្រៃវែងនិងខេត្តព្រៃវែង តែប៉ុន្មានថ្ងៃកន្លងទៅនេះនៅខេត្តកំពង់ស្ពឺបានឆ្លងផុតបញ្ហាខ្វះទឹកបន្ទាប់ពីមានភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីរបីថ្ងៃចុងក្រោយជាប់គ្នានេះរួចមក។ឯនៅខេត្តព្រៃវែងដែលមានបញ្ហាខ្វះទឹកខ្លាំងជាងគេនៅស្រុកស្វាយអន្ទរ មេសាងនោះ ពេលនេះមានទឹកសម្រាប់ជួយអន្ត រាគមន៍ហើយដោយទាញយកពីប្រព័ន្ធវ៉ៃគោ។ នៅសល់ខេត្តឧត្តរមានជ័យដែលនៅបន្តខ្វះទឹក។ទឹកភ្លៀងដែលបានធ្លាក់នៅក្នុងខេត្តឧត្តរមានជ័យកន្លងទៅនេះមានបរិមាណថយចុះ បើធៀបទៅនឹងបណ្តា ឆ្នាំមុនៗហើយភ្លៀងធ្លាក់បានតិចជាងគេគឺនៅស្រុកបន្ទាយអំពិល ដែលជាស្រុកមិនទាន់មានប្រភពទឹកគ្រប់សម្រាប់ជួយអន្តរាគមន៍។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យទៀតថាដោយសារពេលនេះបាតុភូតអែលនីណូមានឥទ្ធិពលខ្លាំងធ្វើឱ្យការធ្លាក់ភ្លៀងបន្តថយចុះ ពីពេលនេះរហូត
ដល់ដំណាច់ខែសីហា ស្ថានភាពទឹកភ្លៀងនៅមានបន្តធ្លាក់រាយប៉ាយមិនស្មើ(ដោយដុំ)ក្នុងកម្រិតពីតិចទៅមធ្យម។ ពីពេលនេះដល់រហូតដល់ដើមខែកញ្ញាឃើញមានបាតុភូត កើតឡើងខ្លះ តែពុំមានសញ្ញាមានឥទ្ធិពលទឹកភ្លៀងដល់ប្រទេសកម្ពុជានោះទេ។
យោងតាមស្ថានភាពធាតុអាកាសដូចខាងលើលោកចាន់ យុត្ថា បានអំពាវនាវដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ទឹក ត្រូវថែរក្សាទឹកដែលមាន នៅក្នុងស្រែទុកឱ្យបានល្អចៀសវាងការខ្វះទឹកនៅពេលខាងមុខ៕