ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រទេសប៉ាគីស្ថានអាចដកដង្ហើមបានធូរហើយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីក្មេងៗទាំងអស់ដែលជាប់ក្នុងកន្ត្រកខ្សែកាបដែលខូចព្យួរនៅលើមេឃនៅកម្ពស់ ៣៦៥ ម៉ែត្រ ត្រូវបាននាំយកទៅកាន់ទីកន្លែងសុវត្ថិភាព ដោយបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះរយៈពេល ១៦ ម៉ោង។

កន្ត្រកខ្សែកាបនេះបានដឹកក្មេងជំទង់ចំនួន៦នាក់និងមនុស្សពេញវ័យ២នាក់ ដែលគេគិតថាជាគ្រូបង្រៀន ទៅកាន់សាលារបស់ពួកគេនៅតំបន់ភ្នំដាច់ស្រយាល បាតតាក្រាម (Battagram) ស្ថិតនៅចម្ងាយ១៩៣គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងអ៊ីស្លាម៉ាបាដ នៅពេលដែលខ្សែកាបមួយបានដាច់នៅម៉ោងប្រហែល៧ព្រឹកថ្ងៃអង្គារ។

រឿងនេះបានបង្កឱ្យមានបេសកកម្មឧទ្ធម្ភាគចក្រដ៏សម្បើមពេញមួយថ្ងៃ ដោយទីបំផុតបានឃើញសិស្ស អាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំ ត្រូវបានទាញចេញម្តងម្នាក់ៗ។

ខណៈស្បៃរាត្រីចូលមកដល់ កុមារ ៤ នាក់ក្នុងចំណោម ៦ នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមានការបារម្ភថា សិស្សពីរនាក់ទៀតនឹងត្រូវជាប់គាំងពេញមួយយប់ ដោយសារខ្យល់ខ្លាំង និងកង្វះពន្លឺពិលបញ្ចាំងទៅកន្លែងដែលឧទ្ធម្ភាគចក្រចូលមកជួយសង្គ្រោះ។

ប៉ុន្តែក្រុមការងារដែលពោរពេញដោយការប្តេជ្ញាចិត្ត បានបន្តធ្វើការពេញមួយយប់ ដោយប្រើប្រាស់កៅអីសណ្តោងបណ្ដោះអាសន្ន និង អ្នកជំនាញខ្សែកាប ដើម្បីទៅយកសិស្សចុងក្រោយ។

​វីដេអូ​ដ៏​គួរ​ឱ្យ​រំភើប​ចិត្ត​បាន​បង្ហាញ​​ក្មេង​ប្រុស​ពីរ​នាក់ចុងក្រោយកំពុងសណ្តោង​តាមខ្សែកាបជាមួយ​អ្នក​ជំនាញទៅដាក់នៅផ្នែក​​ចោត​នៃ​ភ្នំ ជា​កន្លែង​ដែល​ពួក​គេ​បាន​ជួប​ជាមួយ​នឹង​ការ​អបអរសាទរនិង​ការ​ទះដៃ​ពី​ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករ។

ក្មេងប្រុសតូចៗ ដែលជាប់ក្នុងហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនេះ ក្រោយមកត្រូវគេឃើញទទួលអុកស៊ីសែន និង ការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ មុនពេលត្រូវបានអ្នកស្រុកផ្សេងទៀតលួងលោម៕

ក្មេងប្រុសទាំង៦នាក់និងគ្រូ២នាក់ត្រូវបានសង្គ្រោះពីកន្ត្រកខ្សែកាប ដែលខូច