ដោយៈប.ខុន/ភ្នំពេញៈ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានបិទទ្វារកាលពីថ្ងៃទី២១ខែសីហាដោយសារ ទឹកភ្លៀងលិចយ៉ាងជ្រៅនោះ បានបើកទ្វារឱ្យសិស្សចូលរៀនវិញហើយនៅថ្ងៃទី២៣ខែសីហានេះ បន្ទាប់ពីទឹកស្រកផុតពីក្នុងថ្នាក់រៀនរួចមក។
ជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៩និងថ្ងៃទី២០ខែសីហាដោយមានបរិមាណច្រើនជាង១០០មីលីម៉ែត្រក្នុងពេលម៉ូទ័របូមទឹកខូចនិងទ្វារទឹកបិទនោះ បានធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ដោយមានផ្លូវបេតុងជាច្រើនខ្សែផ្ទះសម្បែងនិងសាលារៀន៤កន្លែងនិងលិចជ្រៅជាងគេ គឺវិទ្យាល័យជាស៊ីមចំរើនរដ្ឋ។
មន្ត្រីអប់រំសាលាខាងលើបាននិយាយឱ្យដឹងថាទឹកបានស្រកអស់ពីលើផ្លូវនិងពីក្នុងថ្នាក់រៀនដែលនាំឱ្យសាលាបើកទ្វារបានវិញនៅថ្ងៃនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់លោកអភិបាលខណ្ឌឬស្សីកែវឯក ឃុនដឿន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទឹកភ្លៀងនៅក្នុងមូលដ្ឋាននេះ៕