ដោយៈ សុផល/ភ្នំពេញ៖ អ្នកវិនិយោគមកពីខេត្តធំមួយនៃប្រទេសចិន បានបង្ហាញពីគោលបំណងចង់មកវិនិយោគនៅកម្ពុជាបន្ទាប់ពីបានស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) កាលពីពាក់កណ្តាលសប្តាហ៍នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន ដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ។
លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តការពារសន្តិភាព បន្តការអភិវឌ្ឍការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណ:ប្រតិភូនាពេលនេះ ឆ្លុះបញ្ចាំងមិនត្រឹមតែការជឿទុកចិត្តលើរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេថែមទាំងគាំទ្រដល់ដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សន្តិភាពដ៏កក់ក្តៅ។
លោក ជា វុទ្ធី បានគូសរំលេចជូនវិនិយោគិនចិន អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា២៤នៃច្បាប់ស្តីពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ក្នុងន័យនេះលោកបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូខេត្តហ្វូជៀននឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។
លោកសង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុកឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕srn/r