ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ របាយការណ៍មួយបានព្រមានថា “ផ្ទាំងថ្មថើបគ្នា” ដ៏ល្បីល្បាញរបស់វៀតណាមនៅចំកណ្តាលឆកសមុទ្រហាឡុង (Ha Long) កំពុងប្រឈមហានិភ័យនៃការដួលរលំ។
ឆកសមុទ្រហាឡុងនៅខេត្តក្វាងនិញ (Quang Ninh) មានកូនកោះតូចៗរាប់រយ ដែលទាក់ទាញភ្ញៀវទេសចរចំនួន ៤ លាននាក់ក្នុងឆ្នាំ ២០១៩។
ថ្មភ្លោះ ដែលផុសចេញពីឆកសមុទ្រនិងហាក់ប៉ះគ្នា ឬ “ថើបគ្នា” គឺ មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។
ប៉ុន្តែអ្នកជំនាញបានព្រមាននៅក្នុងរបាយការណ៍ខែកក្កដាថា ការកើនឡើងកម្រិតទឹកសមុទ្រនិងទូកនេសាទដែលធ្វើដំណើរកៀកពេក កំពុងធ្វើឱ្យថ្មសឹករេចរឹល។
លោក ហូ ធៀន ជុង (Ho Tien Chung) មកពីវិទ្យាស្ថានភូគព្ភសាស្ត្រនិងធនធានរ៉ែរបស់វៀតណាម បាននិយាយថា ការនេសាទខុសច្បាប់និងទេសចរណ៍គ្មានច្បាប់អនុញ្ញាត បានជួយពន្លឿនការសឹករេចរឹលថ្មនេះ។
ខណៈវិទ្យាស្ថានកំពុងធ្វើការស្រាវជ្រាវសម្រាប់របាយការណ៍នេះ ក្រុមការងារបានសង្កេតឃើញទូកទេសចរណ៍មួយបានឈប់សំចតនៅក្នុងចម្ងាយត្រឹមតែ ១៩ ម៉ែត្រពីថ្មនេះ។
អ្នកជំនាញបានសង្កេតឃើញមានស្នាមប្រេះជ្រៅក្នុងផ្ទាំងថ្មនេះ ដោយព្រមានថា ថ្មអាចដួលរលំបាន ប្រសិនបើមិនមានវិធានការណ៍ដើម្បីការពារពួកវា។
លោកជុងបាននិយាយថា “អ្នកទេសចរអាចមើលឃើញផ្ទាំងថ្មឈរមិននឹងថ្កល់ទេនៅពេលទឹកនាច”។
“ពេលកម្រិតទឹកទាបគឺចេញគល់ថ្ម ដែលរេចរឹលបណ្តើរៗ ជាហេតុបង្កហានិភ័យនៃការដួលរលំ ប្រសិនបើគ្មានវិធានការការពារនិងពង្រឹងបន្ថែមទៀតក្នុងពេលឆាប់ៗ”៕
ថ្មថើបគ្នារកកល់ដួលរលំ បើពុំមានវិធានការការពារបន្ទាន់