ក្រសួងការបរទេស​ត​ប​ទៅ​ការវាយតម្លៃ​របស់​បរ​ទេស​មួយចំនួន​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​

1422
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រតិកម្ម​តប​ចំពោះ​ការវាយតម្លៃ​របស់​រដ្ឋា​ភិ​បាលបរ​ទេ​សស​មួយចំនួន ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ខុសពី​ការពិត និង​បាន​ចោទប្រកាន់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា គ្មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ការមិន​អើពើ​ទៅដល់​គុណភាព​បច្ចេកទេស​នៃ​ដំណើរការ​បោះឆ្នោត គឺ​មានន័យ​ស្មើនឹង​ការមិន​ឲ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​សម្តែង​ចេញ​តាមរយៈ​សន្លឹកឆ្នោត​ចំនួន ៦.៩៤៦.១៦៤ សន្លឹក​។

លោកទេសរដ្ឋមន្រ្តី ប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស(រូបឯកសារ)

​ការ​ប្រតិកម្ម​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានធ្វើ​ឡើង​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក និង​បារាំង រួមទាំង​ប្រទេស​ខ្លះ​បាន​ថ្លែងការណ៍ និង​វាយតម្លៃ​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ខុសពី​ការពិត​ទាំងស្រុង ខណៈដែល​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាច្រើន ដែល​បានមក​ចូលរួម​សង្កេតការណ៍​ដោយផ្ទាល់ បាន​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​ណាមួយ​បាន​កើតឡើង​នោះទេ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា​បានបង្ហាញ​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​ជោគជ័យ​របស់​កម្ពុជា និង​បង្ហាញ​ក្តី​សោកស្តាយ​ផងដែរ លើ​ការវាយតម្លៃ​ពី​បរទេស​មួយចំនួន ដែល​វាយតម្លៃ​ខុសពី​ការពិត​ដែល​កើតឡើង​។
​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស​បានបង្ហាញ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ដែល​ប្រព្រឹត្តទៅ​ក្នុងស្ថានភាព​សន្តិសុខ និង​បរិយាកាស​រីករាយ​ចាប់តាំងពី​ដំណាក់កាល​ឃោសនា រហូតដល់​ដំណាក់កាល​បោះឆ្នោត​ចុងក្រោយ​។

​សេចក្តីថ្លែងការណ៍​ដដែល​បានបង្ហាញ​ពី​ការចូលរួម​របស់​ក្រុម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​ពួកគេ​បាន​ធ្វើការ​វាយតម្លៃ​ល្អ ចាត់ទុក​ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​ភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​ណា​មួយ​បាន​កើតឡើង​នោះទេ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍ អំពី​ការបោះឆ្នោត​មាន​ខ្លឹមសារ​ដូចតទៅ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​សេចក្តីសោមនស្ស​រីករាយ​ធ្វើការ​ចែករំលែក​មតិរ​បស់​ខ្លួន​លើ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​
១.​ ​ការកត់សំគាល់​មុនដំបូង​បង្អស់ គឺ​បរិយាកាស​ពោរពេញ​ដោយ​សន្តិភាព និង​រីករាយ ទាំង​នៅក្នុង យុទ្ធនា​ការរក​សម្លេង​ឆ្នោត និង​ថ្ងៃ​បោះឆ្នោត​។ គណបក្សនយោបាយ​ទាំង​២០​គណបក្ស មានឱកាស​ធ្វើ​យុទ្ធនា​ការរក​សម្លេងឆ្នោត​របស់​ពួកគេ​រយៈពេល​២០​ថ្ងៃ ដោយ​គ្មាន​ការរារាំង​រំខាន និង​មាន​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណ​បក្ស​ខ្លួន ព្រមទាំង​បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ជាច្រើន ដែលមាន​ទស្សនៈ​ខ្លះ​បានធ្វើ​ការរិះគន់​យ៉ាង​ឥត​សំចៃ​ចំពោះ​រាជរដ្ឋាភិបាល​។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការរក​សម្លេងឆ្នោត យើង​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ដង្ហែរ​ក្បួន​រថយន្ត និង​ទោចក្រយានយន្ត​យ៉ាង​វែង ដោយមាន​ទាំង​គ្រវីទង់ជាតិ​/​ទង់បក្ស និង​ស្លាក​បដា​នានា របស់​គណបក្សនយោបាយ​ផ្សេងៗ ខ្វាត់ខ្វែង​ពាសពេញ​រាជធានី​/​ខេត្ត ដោយ​សន្តិវិធី និង​គ្មាន​ឧបទ្ទវ​ហេតុអ្វី​ទាំងអស់​។ នៅ​ថ្ងៃ​បោះឆ្នោត យើង​អាច​មើលឃើញថា អ្នក​ទៅ​បោះឆ្នោត​មាន​ទឹកមុខ​ញញឹម​រីករាយ ឈរ​តម្រង់​ជា​ជួរ​យ៉ាង​វែង​រួចជាស្រេច មុន​កា​រិ​យា ល័យ​បោះឆ្នោត​បើកទ្វារ​ទៅទៀត​។ ក្រុម​អ្នកសង្កេត​ការណ៍​អន្តរជាតិ​មានការ​ភ្ញាក់ផ្អើល​ទៅលើ​ឥរិយាបថ​សាមញ្ញ និង​មាន​សណ្តាប់ធ្នាប់​របស់​អ្នកបោះឆ្នោត​។

គណៈប្រតិភូ​អ្នកសង្កេតការណ៍ បាន​ទទួលស្គាល់ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ការយកចិត្ត​ទុក​ដាក់​ខ្ពស់ ដោយមាន​មន្ត្រី​បម្រើការ​បោះឆ្នោត​ជួយ​ផ្ទៀងផ្ទាត់​នៅពេល​មាន​ភាពមិនច្បាស់លាស់​ណា​មួយ​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​មោទនភាព​ជាមួយ​ទិដ្ឋភាព​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ សេចក្តី​ស្មោះត្រង់ និង​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ រួមទាំង​ទិដ្ឋភាព​អ្នកបោះឆ្នោត​ដែលមាន​ភាពចាស់ទុំ​។


២.​យោងទៅលើ​សេចក្តីថ្លែងការណ៍​របស់​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​ជា សាធារណៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ទទួលបាន​ការសរសើ​រ សម្រាប់​ការបំពេញ​ការងារ​ប្រកប​ដោយ​​វិជ្ជាជីវៈ​គួរកត់សម្គាល់ ដែល​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកបដោយ​ប្រជាធិបតេយ្យ សេរី និង​យុត្តិធម៌​។​

៣.​ ​ផ្អែកលើ​ស្តង់ដារ​ដែល​អាច​ទទួល​យកបាន​ជាទូទៅ លក្ខណៈវិនិច្ឆ័យ​ទីមួយ​សម្រាប់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ គឺ​អត្រា​អ្នកចូលរួម​បោះឆ្នោត ធៀប​នឹង​ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​។ សម្រាប់​ការបោះឆ្នោត​លើក​នេះ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន ៨២,៨៩​ភាគរយ​ដែល​លើស​ចំនួន​អ្នក​ទៅ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ (​មាន​ចំនួន ៦៩,៦១​ភាគរយ​) និង​ឆ្នាំ​២០០៨ (៧៥,២១​ភាគរយ​)​។ អ្នក​ទៅ​បោះឆ្នោត​ដែលមាន​ចំនួន​ច្រើន​បែបនេះ គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​លាស់​អំពី​ជំនឿ​ទុកចិត្ត​យ៉ាងរឹងមាំ​របស់​ប្រជាពលរដ្ឋ​ទៅលើ​ដំណើរការ​បោះឆ្នោត និង​គ​.​ជ​.​ប ដែលជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។ ក្រសួង សូម​ទាញ​ចំណាប់អារម្មណ៍​ថា ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត គឺមាន​ចំនួន​ច្រើនជាង​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​លោកខាង​លិច​មួយចំនួន រួមទាំង​ប្រទេស​មួយចំនួន​ដែល​កំពុងតែ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​មកលើ​ការបោះឆ្នោត​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​ផងដែរ​។ មាន​អ្នកវិភាគ​នយោបាយ​មួយចំនួន​យល់ឃើញថា អាត្រា​អ្នក​ទៅ​បោះឆ្នោត​ដ៏​ច្រើន​បែបនេះ​គឺជា​ការបដិសេធ​ទាំងស្រុង​ចំពោះ​ការអំពាវនាវ​ឲ្យ​ធ្វើពហិការ ដោយ​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន និង​រដ្ឋាភិបាល​បរទេស ដែល​គាំទ្រ​ពួកគេ​។​

៤.​ ​លក្ខណវិនិច្ឆ័យ​ទី​ពីរ​សម្រាប់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ គឺ​ពហុភាព​នៃ​ការផ្តល់ជូន​ផ្នែក​នយោបាយ ឬ បើ​និយាយ​បែប​ផ្សេង ថា​តើ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ជម្រើស​ផ្សេងៗ ឬទេ​? អ្នកសង្កេត​ការណ៍​​ដែល​បាន​ទៅដល់​ទីតាំង​ជាក់ស្តែង អាចធ្វើ​ការបញ្ជា​ក់បាន​ថា មាន​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​មួយចំនួន​បាន​ប្រឆាំង​យ៉ាងពិត​ប្រាកដ ទៅនឹង​គោលនយោបាយ​របស់​គណ​បក្ស​កាន់អំណាច​។ មានការ​រៀបចំ​វេទិកា​ជជែក​វែកញែក​ន​យោ​បាយ​ជា​សាធារណៈ​រវាង​បេក្ខភាព​គណបក្សនយោបាយ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន និង​ប៉ុស្តិ៍​ទូរទស្សន៍​ជាច្រើន​។ មិន​ដូច​នៅក្នុង​អតីតកាល ការជជែក​ពិភាក្សា​ទាំងអស់នោះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ដោយ​សេចក្តីថ្លៃថ្នូរ និង​មិន​ប្រើ​ភាសា​អសុរោះ មិន​ញុះញង់​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ មិន​ប្រើប្រាស់​វោហារ​ស័ព្ទ​ប្រជា​បាយ​និយម និង​ជាតិនិយម​ជ្រុល​។ វា​ជា​លើកដំបូង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បានបង្ហាញ​ពី​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការជជែក​ពិភាក្សា​ដែល​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ ស្ថាប័ន និង​បញ្ហា​សង្គម​ដែល​ប៉ះពាល់​មកលើ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ជាជាង​ការនិយាយ​បញ្ឆេះ​កំហឹង​ក្នុង​អតីតកាល​តែ​អំពី​ប្រទេស​វៀតណាម និង​ជនជាតិ​វៀតណាម​។
៥.​ ​អ្នកបោះឆ្នោត​កម្ពុជា​ជិត​៧​លាន​នាក់​បានធ្វើ​ការជ្រើសរើស​របស់ខ្លួន ហើយ​គ្រប់គ្នា​ដាច់ខាត​ត្រូវគោរព​ការ​ជ្រើសរើស​នេះ ទោះបីជា​ប្រជាជន​កម្ពុជា ឬ​ជនបរទេស ជន​សាមញ្ញ អ្នកសារព័ត៌មាន សកម្មជន ឬក៏​អ្នកការទូត​។ វា​ជាការ​ជ្រើសរើស​របស់​ជាតិខ្មែរ ហើយ​វា​គឺជា​អធិបតេយ្យភាព​ជាតិ ដែល​ត្រូវតែ​គោរព​។

៦. គួរ​កត់សម្គាល់ថា មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​២២០​នាក់ មកពី​៥២​ប្រទេស ដែល​ក្នុងនោះ​អ្នក​សង្កេតការណ៍​មួយចំនួន​មកពី​ស្ថាប័ន​អន្តរជាតិ ដូចជា​៖ សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​អាស៊ី សន្និបាតសភា​អាស៊ី សន្និបាត​អន្តរ​សភា​អាស៊ាន ក្រុមប្រឹក្សា​អឺរ៉ុប​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ធ្វើជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​លទ្ធិប្រជាធិបតេយ្យ​ពោរពេញ​ដោយ​សន្តិភាព​របស់​កម្ពុ​ជា ដោយ​មិនទាន់​រាប់​ប​ញ្ជូ​ល​អ្នកសង្កេតការណ៍​រប​ស់​គណបក្សនយោបាយ​នានា​ចំនួន​ប្រមាណ​ជិត​៩០.០០០​នាក់ ហើយ​និង​ប្រមាណ​៨០.០០០​នាក់​ផ្សេងទៀត មកពី​សមាគម និង​អង្គការ​ជាតិ​នានា​។

៧. ក្រសួង​មានការ​សោកស្តាយ​ចំពោះ​ការវាយតម្លៃ​ដោយ​មូលហេតុ​នយោបាយ របស់​រដ្ឋាភិបាល​បរ​ទេស​មួយ​ចំនួន ដែល​បាន​បដិសេធ​មិន​បញ្ជូន​អ្នកសង្កេតការណ៍ ប៉ុន្តែ​បែរជា​ប្រកាស​តាំងពី​ពេល​ចាប់ផ្តើម​រហូតដល់​ពេល​បញ្ចប់​ថា ការបោះឆ្នោត​នេះ​មិន​សេរី និង​យុត្តិធម៌​។ ការមិន​អើពើ​ទៅដល់​គុណភាព​បច្ចេកទេស​នៃ​ដំណើរការ​បោះឆ្នោត គឺ​មានន័យ​ស្មើនឹង​ការមិន​ឲ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​សម្តែង​ចេញ​តាមរយៈ​សន្លឹកឆ្នោត​ចំនួន ៦.៩៤៦.១៦៤ សន្លឹក​។ ឥរិយាបថ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​មិត្តភាព និង​កិច្ចសហ​ប្រតិ​បត្តិការ ដែល​ត្រូវបាន​ពង្រឹង​តាំងពី​យូរ​មកហើយ និង​បង្កើត​ឲ្យ​មានការ​សង្ស័យ​ចំពោះ​ភាពស្មោះត្រង់​ពិត​ប្រាកដ ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ទៅមុខទៀត នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ឥត​ងាកក្រោយ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុងតែ​រីករាយ​ជាមួយនឹង «​សន្តិភាព​ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​» និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដ៏​ឋិត​ឋេ​រ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម