​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង​មាន​សក់​ពណ៌​ទង់ដែង​វែង ភ្នែក​ពណ៌​ខៀវ និង​រាង​ស្វ៊ែ​ល ប៉ុន្តែ​តារា​បង្ហាញ​ម៉ូត​ស្អាត​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​លើ​ក្រប​ទស្សនា​វ​ដ្តី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​បញ្ញា​សិប្បនិម្មិត (AI)​។​

​វេបសាយ DailyMail.com បាន​និយាយ​ទៅកាន់​អ្នកបង្កើត​រូបនាង ជី​ណា ស្តេ​វ៉ាត (Gina Stewart) ដែល​បាន​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត AI ដំបូងបង្អស់​របស់​ពិភពលោក បន្ទាប់​ពី​ចុះកិច្ចសន្យា​ជាមួយ​ទីភ្នាក់ងារ​តារា​បង្ហាញ​ម៉ូត ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ខែ​ឧសភា​។​

​ខណៈ​បុរសៗ​បាន​រចនា​ជន​មាន​ឥទ្ធិពល AI ជាច្រើនរូប នាង​ជី​ណា​ត្រូវ​បាន​បង្កើតឡើង​ដោយ​នារី​ម្នាក់ ដែល​ជា​តារា​បង្ហាញ​ម៉ូត​របស់​ទស្សនា​វ​ដ្តី Playboy ហើយ​នាង​បាន​បង្កើត​តារា​រូប​នេះ​ឡើង ដោយ​ផ្អែក​លើ​ទម្រង់​រូបរាង​និង​ស្ទីល​ផ្ទាល់ខ្លួន​របស់​នាង​។ ទោះយ៉ាងណា​ក៏ដោយ តារា​បង្ហាញ​ម៉ូត AI របស់​នាង​មាន​អាយុ ២៨ ឆ្នាំ ហើយ​នាង​ខ្លួនឯង​មាន​អាយុ ៥២ ឆ្នាំ​។​

​អ្នកបង្កើត ដែល​មានឈ្មោះ ជី​ណា (Gina) ដែរនោះ បាន​ប្រាប់ DailyMail.com ថា “​អ្វី​ដែល​គួរឱ្យ​អស់សំណើច​គឺ​បុរស​ចូលចិត្ត​វា​។ តារា​បង្ហាញ​ម៉ូត AI មាន​ភាពឆើតឆាយ ស្រស់ស្អាត និង​គួរឱ្យ​ស្រឡាញ់ ដូច​តារា Playboy នា​ទសវត្សរ៍​ទី ៩០ ដែរ​”​។​

“​ខ្ញុំ​គិតថា​វា​ជា​គំនិត​ស្រដៀង​គ្នា​នឹង​កំពូល​វីរបុរស​។ មនុស្ស​គ្រប់គ្នា​ស្រលាញ់​និង​មាន​កំពូល​វីរបុរស​ដែល​ចូលចិត្ត មនុស្ស​ទៅ​រោងកុន​ដើម្បី​មើល កោតសរសើរ និង​ឈ្លក់​វង្វេង​នឹង​ពួកគេ​”​។​

“​មនុស្ស​ចង់​ក្លាយជា​ពួកគេ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​មនុស្ស​ពិត​ទេ​។ វា​ជា​ការស្រមើស្រមៃ​និង​គេចចេញ​ពី​ការពិត​”​។​

​អ្នកបង្កើត​ជនជាតិ​អូស្ត្រាលី​រូបនេះ​គឺជា​ម្តាយកូន ៤ នាក់ និង ជា​ជីដូន​ម្នាក់ ដែល​ធ្វើការ​ជា​គ្រូបង្ហាត់​ផ្នែក​សុខភាព​និង​កាយសម្បទា នៅពេលដែល​នាង​មិន​រចនា​រូប AI របស់​នាង និង​ឈរ​ថតរូប​ឱ្យ Playboy ។​

​នាង​បាន​និយាយថា “​ខ្ញុំ​មើល​ថែ​ខ្លួនឯង​ដោយ​ការហាត់​យ៉ូ​ហ្គា សម្រក​ទម្ងន់ ធ្វើ​សមាធិ ហើយ​ខ្ញុំ​ជឿជាក់​លើ​ការធ្វើតេ​ស្តិ៍​រក​កង្វះ​អាហារូបត្ថម្ភ​និង​អាហារ​បំប៉ុន​”​។​

“​នៅ​អាយុ ៥២ ឆ្នាំ ខ្ញុំ​មិន​មាន​សក់ស្កូវ​មួយ​សរសៃ​នៅលើ​ក្បាល​របស់​ខ្ញុំ​”​។​

​ជី​ណា ដែល​គេ​ស្គាល់​ថា​ជា “​លោកយាយ​សិច​ស៊ី​បំផុត​របស់​ពិភពលោក​” បានចាប់ផ្តើម​ល្បីល្បាញ​នៅលើ OnlyFans ប៉ុន្តែ​បាន​យក​ទេពកោសល្យ​របស់​នាង​ទៅកាន់​ទស្សនា​វ​ដ្តី Playboy ក្នុង​ខែមីនា​បន្ទាប់​ពី​សេវាកម្ម​ជាវ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​នេះ​បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​ស្នាដៃ​គូររូប AI របស់​នាង​។​

​ហើយ​មិនយូរប៉ុន្មាន AI Gina ត្រូវបាន​បង្កើតឡើង​។​

​នាង​ជី​ណា​បាន​និយាយថា “​ខណៈ​ធ្វើដំណើរ​នៅ​រដូវក្តៅ​នេះ​នៅ​សហរដ្ឋអាម៉េរិក ខ្ញុំ​បាន​សម្រាក​ពី​ការថតរូប​នៅលើ​បណ្តាញ​សង្គម​”​។​

“​ខ្ញុំ​ធុញទ្រាន់​នឹង​ការថតរូប ធ្វើ​សក់ ធ្វើ​ក្រចក តុបតែង​មុខ ស្លៀក​ឈុត​សម្លៀកបំពាក់​ជា​ដើម ហើយ​គ្រប់​ពេលវេលា វា​បាន​ទាញ​យក​ថ្ងៃ​របស់ខ្ញុំ ហើយ​ភាព​តានតឹង​ក៏​ចូលរួម​ពាក់ព័ន្ធ​។ ខ្ញុំ​គិតថា​ត្រូវតែ​មាន​វិធី​ល្អ​ជាង​នេះ​ដើម្បី​ធ្វើការ​មួយ​នេះ ប្រសិនបើ​ខ្ញុំ​ត្រូវការ​ពេល​សម្រាក​”​។​

​ហើយ​នេះ​គឺជា​គ្រា​ដែល​ជី​ណា អាយុ ២៨ ឆ្នាំ​មក​ពី​រដ្ឋ​កាលីហ្វ័​រញ៉ា បានចាប់កំណើត​៕

​នាង​ជី​ណា គូរ​រូប AI ជី​ណា លក់​ឱ្យ​ទស្សនា​វ​ដ្តី Playboy