ដោយ:ពៅនិមល/ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំដល់មន្រ្តីឱវាតថា ក្នុងអាណិត្តថ្មី នីតិកាលទី៧នេះ ត្រូវក្តាប់ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់តាមជំហាននៃគោលនយោបាយ ។ក្នុងនោះ ឆ្នាំ២០២៧ ត្រូវមានភាពម្ចាស់ការនិងលទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃនៅទូទាំងប្រទេស។
ប្រភពក្រសួងកសិកម្មបានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅ លោករដ្ឋមន្រ្តីបានសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការបន្តចូលរួមធ្វើការជាមួយគ្នា ដើម្បីប្រជាជន និងសង្គមជាតិទាំងមូល។ កិច្ចប្រជុំនេះ ជាការចាប់ផ្តើមនៃការពិភាក្សា ជំរុញគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តី បានលើកឡើងថា ចំណុចយុទ្ធសាស្ត្រចំនួនពីរ ដែលទាក់ទងនឹងវិស័យកសិកម្ម គឺការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេសនិងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។ លោកបន្ថែមថា ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃ ក៏ត្រូវមានយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លើសពីនេះទៀត ត្រូវមានយុទ្ធសាស្ត្រពាណិជ្ជកម្មច្បាស់លាស់ដើម្បីចូលរួមគាំទ្រសមាគមកសិករឱ្យមានភាពម្ចាស់ការរឹងមាំ និងសហប្រតិបត្តិការល្អ ដើម្បីពាណិជ្ជូបនីយកម្ម។
ដោយឡែក ការការពារធនធានធម្មជាតិ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក៏ជាការងារចាំបាច់ដែលត្រូវយកចិត្តទុកដាក់ការពារឱ្យបានល្អបំផុត ទាំងអនុវិស័យជលផល ព្រៃឈើ ដីសម្បទាន និងសត្វព្រៃ ព្រមទាំងសត្វផ្សោត ដែលជារតនសម្បត្តិជាតិ ដើម្បីនិរន្តរភាពបរិស្ថាន និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៕សរន
រូបភាព៖ លោក ឌិត ទីណា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអាណត្តិថ្មីនីតិកាល៧នៃរដ្ឋសភា
រូបភាព៖ក្រសួងកសិកម្ម