ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​អ្នកបើក​យន្តហោះ F-16 របស់​អ៊ុយ​ក្រែន​នៅ​សហរដ្ឋអាម៉េរិក​ចាប់ពី​ខែ​ក្រោយ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោ​ណ លោក ផាត់ រ៉ា​យ​ឌ័​រ (Pat Ryder) បាន​និយាយថា ការហ្វឹកហ្វឺន​នេះ​នឹង​មាន​អ្នក​បើក​យន្តហោះ “​ជាច្រើន​នាក់​” និង​បុគ្គលិក “​រាប់សិប​នាក់​” ដើម្បី​ថែទាំ​យន្តហោះ​។​

​លោក​បាន​និយាយថា “​អាកាសយានិក​ទាំងនេះ​នឹង​ធ្វើ​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស​នៅ​មូលដ្ឋាន​ទ័ពអាកាស​លែ​ក​លែ​ន (Lackland) ក្នុង​ទីក្រុង​សាន់​អង់​តូ​នីញ៉ូ (San Antonio) រដ្ឋ​តិច​សាស់ ក្នុង​ខែកញ្ញា មុន​ពេល​ចូលរួម​ការហ្វឹកហាត់​ហោះហើរ F-16 នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​” នៅ​ខែ​បន្ទាប់​។​

​លោក​បាន​បន្ថែមថា ការហ្វឹកហ្វឺន​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​នឹង​ធ្វើឡើង​នៅ​មូលដ្ឋាន​ឆ្មាំ​ជាតិ​ជើង​អាកាស​ម៉ូ​រី​ស (Morris)​។​

​កម្មវិធី​របស់​សហរដ្ឋអាម៉េរិក​បាន​ពង្រីក​ផែនការនា​នា ដែល​បាន​ប្រកាស​រួច​ហើយ​ដោយ​សម្ពន្ធមិត្ត​អឺរ៉ុប ដើម្បី​បណ្តុះបណ្តាល​ទាហាន​អ៊ុយ​ក្រែន​ឱ្យ​ហោះហើរ​យន្តហោះ F-16 ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​។​

​កាលពី​សប្តាហ៍​មុន សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​ប្រទេស​ដា​ណឺម៉ា​ក​និង​ហូឡង់ថា ពួកគេ​អាច​ផ្ទេរ​យន្តហោះ​ចម្បាំង F-16 របស់​ពួកគេ​ទៅកាន់​អ៊ុ​យក្រែន នៅពេលណា​ដែល​អាកាសយានិក​របស់​ប្រទេស​នេះ​ត្រូវបាន​បណ្តុះបណ្តាល​ឱ្យ​ចេះ​ប្រើ​វា​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ន័​រវែ​សក៏បាន​និយាយ​ដែរ​ថា​ខ្លួន​នឹង​ផ្តល់​យន្តហោះ F-16 ដល់​អ៊ុ​យក្រែន ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន NTB បាន​រាយការណ៍​ថា ការបរិច្ចាគ​នឹងមាន​យន្តហោះ​ចន្លោះ​ពី ៥ ទៅ ១០ គ្រឿង​។​

​លោក​រ៉ា​យ​ឌ័​រ​បាន​និយាយថា ការបណ្តុះបណ្តាល​ជា​ធម្មតា​មាន​រយៈពេល​ពី​ប្រាំ​ទៅ​ប្រាំបី​ខែ អាស្រ័យ​លើ​ជំនាញ​ដែល​អ្នក​បើក​យន្តហោះ​មាន​រួចហើយ​។​

​លោក​បាន​បន្តថា ការបណ្តុះបណ្តាល​ភាសា​នៅ​ដើមដំបូង​គឺ​មាន​សារៈសំខាន់ “​ដោយហេតុ​ថា​វា​មាន​ភាពស្មុគស្មាញ​ច្រើន​ហើយ​ភាសា​អង់គ្លេស​ឯកទេស គឺ​តម្រូវ​ឱ្យ​ចេះ​ដើម្បី​ហោះហើរ​យន្តហោះ​ទាំងនេះ​”៕

​យន្តហោះ F-16 បង្ហាញ​ខ្លួន​នៅ​ឥណ្ឌា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣