ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីឥណ្ឌានិងមេដឹកនាំចិនបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ថានឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅព្រំដែនជម្លោះរវាងពួកគេ និងនាំយកកងទ័ពរបស់ពួកគេរាប់ពាន់នាក់ ដែលបានដាក់ពង្រាយនៅទីនោះ ត្រឡប់ទៅផ្ទះវិញ។
នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី និងប្រធានាធិបតី ស៊ី ជីនពីង បានជួបគ្នានៅក្រៅជំនួបកំពូលនៅទីក្រុងចូហានណេស្បឺក (Johannesburg) កន្លែងដែលប្លុក BRICS នៃប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង បានអញ្ជើញប្រទេសចំនួនប្រាំមួយផ្សេងទៀតឱ្យចូលរួមក្នុងក្រុមនេះ រួមទាំងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក វីណាយ ម៉ូហាន ក្វាត្រា (Vinay Mohan Kwatra) បានប្រាប់អ្នកសារព័ត៌មានឥណ្ឌាថា លោកម៉ូឌី ក្នុងជំនួបភ្លាមៗជាមួយលោកស៊ី បានលើកឡើងពីការព្រួយបារម្ភរបស់ឥណ្ឌាអំពីបញ្ហាព្រំដែនដែលមិនទាន់បានដោះស្រាយ។
ព្រំដែនជម្លោះបាននាំឱ្យមានការប្រឈមមុខដាក់គ្នារយៈពេលបីឆ្នាំរវាងទាហានឥណ្ឌានិងចិនរាប់ម៉ឺននាក់នៅក្នុងតំបន់ឡាដាក់ (Ladakh)។ ការប៉ះទង្គិចកាលពីបីឆ្នាំមុនក្នុងតំបន់បានសម្លាប់ទាហានឥណ្ឌា២០នាក់ និងចិន៤នាក់។
លោកក្វាដ្រាបាននិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែង ប៉ុន្តែមិនបាននិយាយអំពីអ្វីជាការឆ្លើយតបរបស់លោកស៊ីចំពោះការព្រួយបារម្ភរបស់លោកម៉ូឌី ឬបញ្ជាក់លម្អិតអំពីព័ត៌មានអ្វីដែលនាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនោះទេ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីភាគីចិននោះដែរ។
មេបញ្ជាការយោធាឥណ្ឌានិងចិនបានជួបគ្នាកាលពីសប្តាហ៍មុនក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីរក្សាស្ថិរភាពស្ថានការណ៍។ បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែងបានបំបែកទឹកដីដែលកាន់កាប់ដោយចិននិងឥណ្ឌាពីតំបន់ឡាដាក់នៅទិសខាងលិចនៅក្នុងរដ្ឋអារុនណាចាល់ប្រាដេស (Arunachal Pradesh) ភាគខាងកើតរបស់ឥណ្ឌា ដែលចិនអះអាងទាមទារយកទាំងស្រុង៕
លោកម៉ូឌីនិងលោកស៊ីជួបគ្នាមួយភ្លែតនៅក្រៅកិច្ចប្រជុំ BRICS កាលពីថ្ងៃព្រហស្បតិ៍