មន្ត្រី​ថា​សំណង់​ប៉ះពាល់​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវតែ​រុះរើ​

1725
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​អន្តរក្រសួង​អះអាងថា សំណង់​ទាំងឡាយ​ដែល​ប៉ះពាល់​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​រថភ្លើង​ក្នុងភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវតែ​រុះរើ​។​

​លោក នង ធឿន អភិបាល​ស្តីទី​ក្រុង​ប៉ោយប៉ែត​ប្រាប់​សារព័ត៌មាន​ថ្ងៃទី​៣១​ខែកក្កដា​ថា សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានធ្វើ​២​លើក​មកហើយ តែ​ការចេញ​លើក​ទី​២ វាគៀ​ក​នឹង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៩​ខែកក្កដា កន្លងមក ទើប​អាជ្ញាធរ​ផ្អាក​អនុវត្ត​សិន​។ ប៉ុន្តែ​មកទល់ពេលនេះ ការបោះឆ្នោត​បានបញ្ចប់​ហើយ ដូច្នេះ អាជ្ញាធរ​នៅ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ថា ត្រូវតែ​រុះរើ​សំណង់អាណាធិបតេយ្យ​ទាំងឡាយ ដែល​ប៉ះពាល់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​នោះ​ចេញ​ឲ្យ​អស់ ព្រោះ​វា​ជា​ស្ថានីយ​អន្តរជាតិ​ផង​។​

​សូមបញ្ជាក់ថា យោង​សេចក្តីជូនដំណឹង​(​លើក​ទី​២) លេខ​០៣៤/១៨ សជណ របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ចុះ​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០១៨ ឲ្យ​ដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​អាជីវ​កម្មល​ក់​ដូរ និង​មាន​សំណង់​គ្រប់​ប្រភេទ​នៅលើ​ដី​ស្ថានីយ​រថភ្លើង​(​រ៉ា​រថភ្លើង​) ប៉ោយប៉ែត មេត្តា​ជ្រាបថា ក្រុមការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​ស្ថាបនា​កែលម្អ​ស្ថានីយ​រថភ្លើង​នេះ ឲ្យ​បាន​ឆាប់​។ ហេតុនេះ​សូម​បងប្អូន ត្រូវ​រុះរើ​សំណង់​ទាំងឡាយ​នោះ ទៅ​ទីតាំង​ថ្មី​ឲ្យ​អស់​ត្រឹម​ថ្ងៃទី​១៥​មិថុនា​ឆ្នាំ​២០១៨ (​កន្លងមក​)​។​

​សេចក្តីជូនដំណឹង​បន្តថា បើ​បងប្អូន​មិន​អនុវត្ត​ទេ រដ្ឋបាល​ក្រុង​នឹង​ចាត់តាំង​ក្រុមការងារ​ចម្រុះ​ធ្វើ​ការរុះរើ​ដោយផ្ទាល់​។ រាល់​ការចំណាយ​រុះរើ​ជា​បន្ទុក​របស់​ម្ចាស់​សំណង់ តូប​អាជីវកម្ម​លក់ដូរ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត ការបាត់បង់​សម្ភារៈ សំណង់ និង​ទ្រព្យសម្បត្តិ​ឡើយ​។ ម្យ៉ាងទៀត បើ​មាន​ម្ចាស់​សំណង់​ណា​នៅតែ​រឹងរូស​បង្កបញ្ហា រដ្ឋបាល​ក្រុង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តាម​ភាពជាក់ស្តែង​។​

​សូម​បញ្ជាក់ដែរថា មាន​តូប​អាជីវកម្ម​រាប់សិប​ដែល​អាជីវករ ពលរដ្ឋ​បាន​បន្ត​ជួល ឬ​ចាប់យក​ធ្វើ​អាជីវកម្ម​បន្ត​តាំងពី​ទីតាំង​ខាងលើ ត្រូវ​ក្រុមហ៊ុន​អាន​កូ​របស់លោក​ឧកញ៉ា កុក អាន បានប្រគល់​ឲ្យ​រដ្ឋ​វិញ​។ ប៉ុន្តែ​ប្រភព​ខ្លះ​ថា ក្រុមហ៊ុន​អាន​កូ នៅ​លួច​ឃុបឃិត​ជួល​តូប ស្តង់​ទាំងនោះ​។ តែ​អ្នកខ្លះ​ថា មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត តាំងពី​រដ្ឋបាល​ក្រុង​ជំនាន់​លោក​ង៉ោ ម៉េង​ជ្រួ​ន បាន​ជួល​។ តែ​អ្នកខ្លះ​ថា ម្ចាស់​តូប​ស្តង់​ទាំងនោះ បាន​បន្ត​បង់លុយ​អោយ​នគរបាល​ក្រុង​និង​រដ្ឋបាល​ក្រុង​បច្ចុប្បន្ន​ដែរ​។​

​ទោះយ៉ាងណា អាជីវករ​ទាំងនោះ និង​មន្ត្រី​បាន​បដិសេធ​មិន​សហការ​បំភ្លឺ​ករណី​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម