ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​,​ស្ត្រេត​ថែមស៍​)៖​ក្រសួង​យុត្តិធម៌​ថៃ​បាន​ច្រានចោល​របាយការណ៍​ព័ត៌មាន​នានា​ដែលថា អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ត្រូវបាន​ផ្ទេរ​ពី​មន្ទីរពេទ្យ​ប៉ូលិស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯកជន​មួយ​។​

​សាហា​កាន ផេត​ណារីន​(Sahakan Phetnarin) រង​លេខា​អចិន្ត្រៃយ៍​របស់​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ថាក់ស៊ីន​មិន​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​ណាមួយ​ដូច​របាយ​ការណ៍​សារព័ត៌មាន​ទេ តែ​ក្រសួង​មិន​អាច​ផ្តល់​រូប​លោក​ថាក់ស៊ីន ជា​អ្នកទោស​ឬ​ជា​អ្នកជំងឺ​បាន​ទេ ដោយសារ​សិទ្ធិ​របស់​លោក​។​

​លោក​សាហា​កាន​បាន​និយាយថា «​ថាក់ស៊ីន នៅក្នុង​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ទោះ​ជា​លោក​កំពុង​ត្រូវ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប៉ូលិស​»​ក៏ដោយចុះ។​

​បើតាមមន្រ្តីក្រសួងយុត្តិធម៌រូបនេះ ថាក់ស៊ីន​កំពុង​មាន​ជំងឺបួនមុខ រួម​មាន​បញ្ហាសរសៃឈាម​បេះដូង ឡើង​ឈាម​ សួត និង​ឈឺឆ្អឹងខ្នង​។​

​ក្រោម​ច្បាប់ សមាជិក​គ្រួសារ​និង​សាច់ញាតិ​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​សួរសុខទុក្ខ​លោក​ថាក់​ស៊ីន​មិន​លើស​ពី​ដប់​នាក់ និង​ត្រូវ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ពន្ធនាគារ​Bangkok Primand ជាមុន​។​

​មុន​នេះ​កាលពី​ថ្ងៃ​ពុធ នាយក​មន្ទីរពេទ្យ​ប៉ូលិស បាន​និយាយថា លោក​ថាក់ស៊ីន មិន​ទទួលបាន​សិទ្ធិ​ពិសេស​ឬ​អាទិភាព​អី​ទេ គឺ​លោក​កំពុង​សម្រាក​ព្យាបាល​ក្រោម​ការតាមដាន​របស់​វេជ្ជបណ្ឌិត​ប្រាំមួយ​នាក់​ក្រោយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​យ៉ាង​រួសរាន់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

​ឧត្តមសេនីយ៍​ប៉ូលិស​លោ​ក សូ​ផន​រ៉ា​ត ស៊ី​ង​ហា​ចា​រូ​(Soponrat Singhajaru)​អគ្គនាយក​មន្ទីរពេទ្យ​ប៉ូលិស បាន​បដិសេធ​របាយការណ៍​ដែលថា ថាក់ស៊ីន​ត្រូវបាន​នាំ​ទៅ​កាន់​បន្ទប់​ពិសេស​(VIP)​ប្រដាប់ដោយម៉ាស៊ីនត្រជាក់​មួយ​នៅ​ជាន់​ទី​១៤​នៃ​អាគារ​ពេទ្យ​កំពស់​២០​ជាន់​។​

​អគ្គនាយក​មន្ទីរពេទ្យ​ប៉ូលិស បញ្ជាក់ថា ថាក់ស៊ីន ពិតជា​កំពុង​សម្រាក​នៅក្នុង​បន្ទប់​នៅ​ជាន់​ទី​១៤ កន្លែង​ដាក់​អ្នកជំងឺ​កូវី​ដ​១៩​កាលពីមុន តែជាបន្ទប់គ្មាន​ម៉ាស៊ីនត្រជាក់​ទេ

​លោក​បាន​អោយដឹងថា លោក​ថាក់ស៊ីន​ស្រាប់តែ​ឈឺទ្រូង​ភ្លាមៗ​និង​អុកស៊ីសែន​ចុះ​ទាប ខណៈ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ត្រូវ​បញ្ជូន​ចេញពី​បន្ទប់​គុក​ទៅកាន់​ពេទ្យ​ប៉ូលិស​នៅក្នុង​ពន្ធនាគារ​Bangkok Primandភ្លាម​នៅ​ថ្ងៃ​លោកចូល​គុក​ដំបូង​តែម្តង​។​«​ជំងឺ​របស់​ថាក់ស៊ីន ទាមទារ​ការព្យាបាល​ពី​គ្រូពេទ្យ​ឯកទេស និង​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើប​»៕

​ថាក់ស៊ីន មក​ដល់​ថៃ​កាលពី​ថ្ងៃ​២២​សីហា​និង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ពន្ធ​នាគារ​ក្នុង​ថ្ងៃ​ដដែល​