ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ទាហានហ្វីលីពីននិងអូស្ត្រាលីបានធ្វើសមយុទ្ធរួមគ្នាកាលពីថ្ងៃសុក្រទី២៥សីហា នៅក្នុងដែនទឹកក្បែរតំបន់ប្រទាញប្រទង់ជាមួយចិននៅសមុទ្រចិនខាងត្បូងនៅពេលប្រធានាធិបតីហ្វីលីពីន លោក ហ្វែរឌីណង់ ម៉ាកូស ជូនៀ បានអបអរវាថាជាឧទាហរណ៍«ដ៏សំខាន់ខ្លាំង»មួយនៃកិច្ចសហប្រតិបត្តិការជិតដិត។
សូមបញ្ជាក់ថា ចិនប៉េកាំងបញ្ជូននាវាកងឆ្មាំសមុទ្រ នាវាកងទ័ពជើងទឹកនិងនាវានេសាទជីវពលរាប់រយមកល្បាតនិងបោះទីតាំងឈរជើងនៅតាមតំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងដែលរដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន តែហ្វីលីពីនក៏ថាស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្លួនដែរ។
សមយុទ្ធរួមគ្នាកាលពីថ្ងៃសុក្រធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹកមួយចម្ងាយប្រមាណ២៤០គីឡូម៉ែត្រពីតំបន់ទឹករាក់ស្កាបូរ៉ូហ្វ សូល(Scarborough Shoal) ជាតំបន់នេសាទមួយដែលចិនបានដណ្តើមយកហ្វីលីពីននៅឆ្នាំ២០១២ក្រោយការប្រឈមមុខគ្នាដ៏តានតឹងមួយ។
សមយុទ្ធទ័ពអាកាស សមុទ្រនិងជើងគោកនេះ ជាលំហាត់យោធារួមគ្នាធំលើកដំបូងរវាងប្រទេសទាំងពីរ ដោយធ្វើដូចជាកំពុងវាយដណ្តើមយកោះមួយដែលសត្រូវកំពុងកាន់កាប់។
ជាមួយនឹងការទៅដល់នៃរថក្រោះ ទូកលឿននិងនាវាបុកច្រាំងឡើងគោករួមនឹងការលោតឆត្រយោងនិងឧទ្ធម្ភាគចក្រUS Osprey ទាហានអូស្ត្រាលីប្រមាណ១.២០០នាក់ និងទាហានម៉ារីនហ្វីលីពីន៥៦០នាក់ បានធ្វើការសំរុកឡើងគោកលើឆ្នេរមួយក្នុងអំឡុងពេលហ្វឹកហាត់នេះ ។
យន្តហោះទំនើបF-35របស់អូស្ត្រាលីពីរគ្រឿងក៏ផ្តល់ការគាំទ្រពីអាកាស ខណៈនាវាចម្បាំងអូស្ត្រាលីបើកការពារដែនទឹកជុំវិញ។
មេបញ្ជាការសមយុទ្ធទាំងហ្វីលីពីននិងអូស្ត្រាលីនៅថ្ងៃនេះក៏បានបង្ហាញបំណងធ្វើការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង និងតំបន់ដែលជាផលប្រយោជន៍ទៅវិញទៅមកផងដែរបន្ទាប់ពីសមយុទ្ធនេះទៅ៕
ទាហានហ្វីលីពីននិងអូស្ត្រាលីធ្វើសមយុទ្ធបើករថក្រោះ នាវានិងទូកលឿនបុកច្រាំងឡើងគោកធ្វើដូចជាកំពុងវាយដណ្តើមកោះពីសត្រូវ