ដោយៈ ដេប៉ូ–គ្រី សម្បត្តិ / ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថាៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គីឯកភាពគ្នាផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ។
នេះជាប្រសាសន៍លើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំដំបូង ជាមួយថ្នាក់ដឹកនាំក្រសួង កាលពីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកការងាររបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាអាទិភាពមួយខ្ពស់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចសង្គម របស់រាជរដ្ឋាភិបាល ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថាៈ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុខកាន់តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មី បានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្ត ជូនប្រជាជនកម្ពុជាទាំងមូល ៕/V-PC