ដោយៈប.ខុន/ភ្នំពេញៈ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ដោយរំលេចឱ្យឃើញពីការរីកចម្រើនរបស់ក្រសួងក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាលើវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីផ្លូវដីក្រាលគ្រួសក្រហមទៅជាផ្លូវចាក់ក្រាលកៅស៊ូពីរជាន់និងផ្លូវបេតុងតភ្ជាប់ពីជនបទមកទីប្រជុំជននានាគ្របដណ្តប់លើខេត្តគោលដៅជាច្រើននៅទូទាំងប្រទេសនិងសូមឱ្យបន្តមានការរីកចម្រើនបែបនេះថែមទៀត។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវការអរគុណចំពោះ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ និង បានប្តេជ្ញាបន្តមរតកនៃការអភិវឌ្ឍនេះសំដៅបង្កើតសមិទ្ធផលថ្មីជូនជាតិតទៅមុខទៀត ក្រោមការចង្អុលទិសពីលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ពិធីសំណេះសំណាលប្រកបដោយសេចក្ដីរីករាយ និងភាពស្និទ្ធស្នាលបំផុតនេះបានថតរូបអនុស្សាវរីយ៍៕