​ការចុះផ្សាយ​ព័ត៌មាន​ដែល​ចោទ​ដល់​អាជ្ញាធរ​ថា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​គឺ​មិន​ពិត​

932
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាមរយៈ​ការចេញផ្សាយ​ពី​បណ្ដាញ​សង្គម Facebook មួយចំនួន​ថា អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ ទៅ​វាយកម្ទេច​របង​ផ្ទះ​របស់លោក មាស សាវឿន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​នោះ ត្រូវ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ បានចេញ​មុខមក​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការលើកឡើង​នោះ​ថា វា​មិនមែនជា​ការពិត​នោះទេ​។​

​កាលពី​ព្រលប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ អភិបាលខណ្ឌ​ឬ​ស្សី​កែវ នៅក្នុង​សន្និសីទកាសែត​មួយ បាន​ច្រានចោល​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម Facebook ដែល​ចោទ​ដល់ អាជ្ញាធរ​ថា បាន​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​បន្ទាប់ពី​ចប់​បោះឆ្នោត​ភ្លាម​។ រហូត​មានការ​ចោទប្រកាន់​មកលើ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចាប់​ក្មេង​មិនទាន់​គ្រប់​អាយុ​ទៀតផង​។​

​ដោយសារ​ការចេញផ្សាយ​ពី​បណ្ដាញ​សង្គម Facebook​ជា​ការមិនពិត លោក ជា ពិសី បាន​បញ្ជាក់ថា ករណីនេះ​ផ្តើមចេញពី​លោក​មាស​សាវឿន​បាន​យក​គ្រឿងចក្រ​ប្រុង​ទៅ​វាយរបង​អ្នកជិតខាង​ដែល​ស្របច្បាប់ ហើយ​ចង់​សង់​សំណង់​រឹង​។
ពេលនោះ​ក៏មាន​បណ្តឹង​ពី​ម្ចាស់​ដី រួច​លោក​ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ខាំ សុ​ផា​រី ផង​នោះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​។

ប៉ុន្តែ​ពេល​ចុះ​ទៅដល់​ស្រាប់តែ​ក្រុមកម្មករ​របស់លោក មាស សាវឿន ក៏​មក​ប្រមូលផ្តុំ​តវ៉ា​ប្រដាប់​ដោយ​ដំបង កាំបិត ដាវ និង​ដុំថ្ម រហូត​គប់​លាមក​មកលើ​អាជ្ញាធរ​ទៀតផង​។​​ជាមួយគ្នានេះ ក្រុមកម្មករ​ទាំងនោះ ថែមទាំង​បាន​ប្រើ​ក្មេង​មិនទាន់​គ្រប់​អាយុ​ទៅ​ទិញ​សាំង ដើម្បី​ចង់​ដុត​បង្ក​ភាព​តវ៉ា​កាន់តែខ្លាំង​។ ដូច្នោះ​ហើយ​ទើប​អាជ្ញាធរ​ធ្វើការ​រារាំង ក្មេង​នោះ​មិន​ឲ្យ​យក​សាំង​ទៅនោះ​ទេ ស្រាប់តែ​មានការ​ចោទប្រកាន់​ថា អាជ្ញាធរ​បាន​ប្រើ​អំពើហិង្សា និង​ចាប់​ក្មេង​ទៅវិញ​។ បើតាម​លោក​អភិបាលខណ្ឌ ចំពោះ​បញ្ហា​នេះ គឺមាន​អ្នក​នៅ​ពីក្រោយ​ខ្នង និង​នាំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​។​

​លោក ជា ពិសី បាន​បន្តថា អ្វីដែល​ជាការ​ពិត​នោះ គឺ​ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បានទទួល​ពាក្យបណ្ដឹង​មួយ ដើម្បី​ធ្វើការ​ដោះស្រាយ​រវាង​លោក មាស សាវឿន មាន​ជម្លោះដីធ្លី​ជាមួយ​អ្នកជិតខាង ជាប់​ព្រំដី​គ្នា​តាំងពី​យូរ​ឆ្នាំ​មកហើយ​។ ដោយ​ទាមទារ​រក្សា​ស្ថានភាព​ដី​ឲ្យ​នៅ​ជា​ទ្រង់ទ្រាយ​ដើម​គឺ​មិន​អនុញាត​ឲ្យ​មានការ​សាងសង់​ផ្ទះ ឬ​ធ្វើជា​របង​ឡើយ រង់ចាំ​ការដោះស្រាយ​ជម្លោះ​ត្រូវបាន​បញ្ចប់​។ គណៈកម្មការ​ចម្រុះ ទើប​ភាគី​ម្ខាង ក្នុងចំណោម​ភាគី​ទាំងពីរ អាច​អាស្រ័យ​ផល​លើដី​កំពុងមាន​ជម្លោះ​នេះ​តទៅទៀតបាន​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ លោក​អភិបាល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជិត​១០០​នាក់ ធ្វើការ​សម្របសម្រួល​តា​ម​ពាក្យបណ្ដឹង ដើម្បី​ឲ្យ​បក្ខ​ពួកលោក មាស សាវឿន ផ្អាក​សកម្មភាព​ជាបន្ទាន់ ក្នុងការ​លួច​សាងសង់​របង​ផ្ទះ​ចំ​លើដី​ប្រជាពលរដ្ឋ ដែលមាន​លិខិត​កាន់កាប់ ស្របច្បាប់​ត្រឹមត្រូវ ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អនុវត្តតាម​នីតិវិធី​ដោយ​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ខាំ សុ​ផា​រី​។​

​គេ​នៅ​ចាំបាន​ថា កាល​អំពី​អំឡុង​ឆ្នាំ​២០០០​ជាង លោក មាស សាវឿន ជា​អតីត​អភិបាលរង​ទី​៣ ខេត្តព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ផងដែរ ដោយសារ​រឿង​ដីធ្លី​ខាងលើនេះ ដូច្នេះ​អាជ្ញាធរ​គួរ​ចាត់វិធានការ​ឲ្យ​បាន​ខ្លាំង​ឡើង​ចំពោះ​បុគ្គល​រូបនេះ មិនគួរ​ទុក​ឲ្យ​មក​បង្ករឿង​ដីធ្លី​ខាងលើនេះ​ទៀត​ទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម