អ៊ីរ៉ង់​និយាយថា​ការចរចា​ជាមួយ​ត្រាំ​នឹង​ជា “​ក្តី​អាម៉ាស់​”

878
ចែករម្លែក

​ការសង្ស័យ​បានកើត​ឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​កក្កដា​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានផ្តល់​ជូន​ការចរចា ខណៈ​សមាជិកសភា​ម្នាក់​និយាយថា ការចរចា​នេះ​នឹង​ជា “​ក្តី​អាម៉ាស់​” ។​

​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​នេះ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​លោក​ត្រាំ​កាលពី​មួយថ្ងៃ​មុន​ថា លោក​នឹង​ជួប​ពួកគេ “​គ្រប់ពេល​” ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ​។​

​ប៉ុន្តែ​ឥស្សរជន​សាធារណៈ​ជាច្រើន​នាក់​បាន​និយាយថា​វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​ស្រមៃ​អំពី​ការចរចា​ជាមួយ​វ៉ាស៊ីនតោន បន្ទាប់ពី​ខ្លួន​បានបញ្ចប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ កាលពី​ខែឧសភា​ឆ្នាំនេះ​។​

​យោងតាម​សារព័ត៌មាន​អភិរក្សនិយម Fars News លោក អា​លី ម៉ូ​តា​ហារី អនុប្រធាន​សភា​បាន​និយាយថា “​ជាមួយ​សេចក្តីថ្លែងការណ៍​មើលងាយ​ជាច្រើន ដែល​ត្រាំ​ថ្លែង​ទៅកាន់​អ៊ីរ៉ង់ គំនិត​នៃ​ការចរចារ​គឺ​ពិបាក​នឹង​ជឿ​ណាស់​។ វា​នឹង​ជា​ក្តី​អាម៉ាស់​”​។

​យោងតាម Fars News ដដែល រដ្ឋមន្ត្រីក្រសួង​មហារ​ផ្ទៃ លោក អាប់​ដូ​ល​រី​ហ្សា រ៉ា​ម៉ា​នី ហ្វា​ស្លី បាន​បន្ថែមថា “​អាមេរិក​គឺ​មិន​គួរឱ្យ​ទុកចិត្ត​ទេ​។ បន្ទាប់ពី​ខ្លួន​អួត​ក្អេងក្អាង​និង​ដក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ឯកតោភាគី តើ​អាច​ឱ្យគេ​ជឿទុកចិត្ត​យ៉ាងដូចម្តេច​?” ។​

​សហរដ្ឋអាមេរិក​គ្រោង​នឹង​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ពេញលេញ​ទៅលើ​អ៊ីរ៉ង់​ចាប់ពី​ថ្ងៃទី ៦ ខែសីហា ដែលជា​ចំណាត់ការ​មួយ​រួមចំណែក​ដល់​វិបត្តិ​រូបិយវត្ថុ​របស់​អ៊ីរ៉ង់​រួចទៅហើយ ជាមួយ​ប្រាក់រៀល​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃ ២ ភាគ ៣ ក្នុង​រយៈពេល ៦ ខែ​៕ ដោយ៖ កញ្ញាដាលីស

ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស​សាន់ រូ​ហា​នី (​ស្តាំ​) និយាយថា​ការចរចា​ជាមួយ​ត្រាំ​នឹង​ជា​ក្តី​អាម៉ាស់

ទីតាំងផ្សាយពាណិជ្ជកម្ម