ដោយៈ បូកគោ / កំពតៈ អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ត្រីជំនាញ បានជំរុញប្រជា ពលរដ្ឋ សហគមន៍ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អង្គការដៃគូ និងក្រុមហ៊ុនឯកជន ចូលរួមដាំកូនត្នោត និងដើមឈើ នៅតំបន់ការពារទេសភាព អន្លង់ព្រីង ឱ្យបានច្រើន ដើម្បីស្តារបរិស្ថានបៃតង និងកំណើនភ្ញៀវទេសចរ ពិសេសទាក់ ទាញហ្វូងសត្វស្លាប មកមូលដ្ឋាននេះកាន់តែច្រើន។

លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថាៈ ដោយមានការ ចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំ ប្រជាពលរដ្ឋសហគមន៍ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ មន្ត្រីអង្គការដៃគូ និងក្រុមហ៊ុនឯកជន ដាំកូនត្នោត ១០០ ដើម កូនឈើឆ្នង់ បេង គ្រញូង ៦០០ ដើម ព្រមទាំងគ្រាប់ត្នោត ចំនួន ៤.០០០ នៅតំបន់ការពារទេសភាពអន្លងព្រីង ដែលជាតំបន់ជាប់ខ្សែបន្ទាត់ ព្រំដែន កម្ពុជា វៀតណាម ស្ថិតឃុំបឹងសាលាខាងត្បូង។ ការដាំដើមត្នោត និងកូនឈើ មានប្រយោជន៍ច្រើនណាស់ សម្រាប់មនុស្ស សត្វ និងភពផែនដីទាំងមូល។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ថាៈ ការចូលរួមដាំដើម ត្នោត និងកូនឈើ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ដែលជាតំបន់ដីសើម និងជាទីរកចំណីរបស់ពពួកសត្វស្លាប ជិត ១០០ ប្រភេទ ពិសេសសត្វក្រៀល ដែលជាសត្វកម្រ កំពុងប្រឈមនឹងការផុតពូជនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ព្រោះលទ្ធផល បានមកពីសកម្មភាពនេះ​ នឹងអាចទាក់ទាញសត្វស្លាប ឱ្យមកកាន់តែ ចម្រើនផង និងទាក់ទាញទេសចរផង។

សូមបញ្ជាក់ថា ពិធីដាំកូនត្នោត និងដើមឈើ លើកទី៤ នៅស្រុកកំពង់ត្រាចនេះ ក៏មានការឧបត្ថម្ភគាំទ្រ និងចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរបរិស្ថាន អង្គការ Nature Life, អង្គការ WWT  និងក្រុមហ៊ុនជីបម៉ុង អិនស៊ី.ស៊ីមេន ខបភើរេសិន ផងដែរ៕ V / N