ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍,ស្ត្រេតថែមស៍)៖ គណៈរដ្ឋមន្ត្រីថ្មីមួយកំពុងលេចចេញជារូបរាងឡើងហើយបញ្ជីគណៈរដ្ឋមន្ត្រីពេញលេញមួយនឹងត្រូវបញ្ចេញនៅបីបួនថ្ងៃខាងមុខ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីទើបទទួលការតែងតាំងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)កាលពីថ្ងៃសុក្រទី២៥សីហា។
បើតាមសេដ្ឋីអចលនទ្រព្យរូបនេះ បក្សភឿថៃនឹងកាន់កាប់កិច្ចការហិរញ្ញវត្ថុហើយតំណែងរដ្ឋមន្ត្រីសំរាប់កូតាបក្សភឿថៃត្រូវបានរៀបចំអស់ហើយ តែបានបដិសេធពាក្យលេចឮថាលោកកាន់មុខតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុមួយបន្ថែមទៀត។
ក្នុងពេលជាមួយគ្នាឧបនាយករដ្ឋមន្ត្រីជិតចេញពីតំណែងលោក វីសានុ គ្រីង៉ាម បាននិយាយថា រដ្ឋាភិបាលដឹកនាំដោយភឿថៃអាចមានស្ថិរភាពដោយសារក្រុមនេះគ្រប់គ្រងអាសនៈសភា៣១៤ ទោះជាមានការខ្វែងគំនិតគ្នាខ្លះក្នុងសម្ពន្ធភាព១១គណបក្សនេះក្តី។
ចំណែកប្រធានគណបក្សឈ្នះឆ្នោតកាវក្លៃឬឈានទៅមុខ(MFP)លោក ភិតា លីមចារឺនរ៉ាតដែលនឹងក្លាយជាប្រធានបក្សប្រឆាំង កាលពីថ្ងៃសុក្របានទូរស័ព្ទទៅអបអរលោកស្រេតថាចំពោះការដែលលោកជាប់ជានាយករដ្ឋមន្ត្រីនិងថា«ដរាបណាលោកស្រេតថានៅតែបើកចំហសំរាប់សម្លេងប្រជាជន លោកនឹងទទួលជោគជ័យ។MFPនឹងខិតខំធ្វើជាបក្សប្រឆាំងអោយបានល្អបំផុត»។
តើស្រេតថា ថាវីស៊ីន ជានរណា?
ស្រេតថា ថាវីស៊ីន សេដ្ឋីអចលនទ្រព្យអាយុ៦០ឆ្នាំ ត្រូវបានស្តេចថៃត្រាស់បង្គាប់តែងតាំងអោយធ្វើជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ ក្រោយពីលោកត្រូវបានសភានិងព្រឹទ្ធសភាបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ទោះជាលោកមិនមានបទពិសោធន៍ក្នុងការដឹកនាំរដ្ឋាភិបាលនិងក៏មិនជាសមាជិកសភាជាប់ឆ្នោតក្តី។
លោកថែមទាំងមិនជាបុគ្គលលេចធ្លោក្នុងគណបក្សភឿថៃផងក្នុងការបោះឆ្នោតសកលកាលពីខែឧសភា តែគណបក្សកែទំរង់កាវក្លៃឬឈានទៅមុខ(MFP)វិញទេដែលឈ្នះឆ្នោតទទួលបានអាសនៈសភាច្រើនជាងគេ។តែប្រធានMFPមិនទទួលបានសម្លេងគាំទ្រពីសភានិងព្រឹទ្ធសភាគ្រប់គ្រាន់សំរាប់បង្កើតរដ្ឋាភិបាលថ្មីមួយដោយសារតែគោលជំហរកែទំរង់របស់បក្សនេះប្រឆាំងគោលជំហរអភិរក្សរបស់បណ្តាគណបក្សកាន់អំណាច ជាពិសេសព្រឹទ្ធសភាដែលតែងតាំងឡើងដោយយោធា។
បើតាមអ្នកតាមដាននយោបាយថៃ មុខតំណែងថ្មីរបស់លោកស្រេតថា ជាលទ្ធផលនៃសម្ពន្ធភាពដ៏ប្រទាំងប្រទើសមួយរវាងភឿថៃនិងបណ្តាគូសត្រូវយូរអង្វែងរបស់ខ្លួនមកពីក្រុមយោធា។កិច្ចព្រមព្រៀងនេះរួមមានការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត ក្រោយលោកចំណាយពេលរស់នៅដោយការនិរទេសខ្លួននៅក្រៅស្រុកអស់១៥ឆ្នាំ ។
ស្រេតថា បានកើតក្នុងគ្រួសារវរជនមួយនៅក្រុងបាងកក ។លោកបានទៅសិក្សាសេដ្ឋកិច្ចនៅសកលវិទ្យាល័យម៉ាសាជូសេត និងទទួលសញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅសកលវិទ្យាល័យគ្លែរម៉ុន ហ្គ្រេដជូអេត( Claremont Graduate)នៅអាម៉េរិក។លោកបានធ្វើការនៅក្រុមហ៊ុនP&G( Procter & Gamble)នៅថៃមុនជួយបង្កើតក្រុមហ៊ុនមួយដែលក្រោយមកមានឈ្មោះថាសាន់ស៊ីរិ(Sansiri)ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំបំផុតមួយនៅថៃ។លោកបានលាឈប់ពីតំណែងនាយកប្រតិបត្តិនិងប្រធានរបស់ក្រុមហ៊ុន មុនចូលប្រឡូកក្នុងនយោបាយបក្សភឿថៃនិងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។
លោកបានរៀបការជាមួយវេជ្ជបណ្ឌិតនិងអ្នកជំនាញការប្រឆាំងវ័យចាស់លោកស្រី ផាកភីឡាយ ថាវីស៊ីន (Pakpilai Thavisin) ហើយមានកូនបីនាក់។
បក្សភឿថៃបានអួតអាងអំពីបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ និងសង្ឃឹមថាលោកអាចជំរុញសេដ្ឋកិច្ចប្រទេសខណៈវាកំពុងរើបរើចេញពីផលប៉ះពាល់នៃវិធានការប្រឆាំងជំងឺឆ្លង។ទោះជាយ៉ាងណា លោកប្រឈមបញ្ហានៃការរកស៊ីនិងដឹកនាំក្រុមហ៊ុននាពេលកន្លងមក រួមមានការចោទប្រកាន់ថាលោកបានជួយអោយម្ចាស់ដីមួយក្រុមអាចគេចវេសមិនបង់ពន្ធជូនរដ្ឋ។ទោះជាយ៉ាងណាលោកស្រេតថាបានបដិសេធថាមិនបានធ្វើខុសនិងគំរាមប្តឹងទារជំងឺចិត្ត។
លោកត្រូវបានគេគិតថាមានទំនាក់ទំនងជិតដិតជាមួយគ្រួសារថាក់ស៊ីន រួមមានលោកថាក់ស៊ីននិងប្អូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត ។លោកប្រឆាំងចលនាដែលនាំដល់ការបណ្តេញយីងឡាក់ចេញពីតំណែង និងក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតលោកបានអោយដឹងថាលោកត្រូវរបបយោធាកោះហៅក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ លោកបានរំលឹកថា «មានទាហានម្នាក់កាន់កាំភ្លើងM16 ឈរពីក្រោយខ្ញុំ។ខ្ញុំត្រូវបានគំរាម។ខ្ញុំត្រូវសុំការអនុញ្ញាតគ្រប់ពេលពេលចង់ចេញទៅក្រៅប្រទេស…ពួកគេដឹងគ្រប់ចលនា គ្រប់កន្លែងដែលខ្ញុំនៅ»។
លោកស្រេតថា បាននិយាយគាំទ្រសិទ្ធិរបស់ក្រុមមនុស្សខ្ទើយនិងតែងតែចែករំលែកទស្សនៈរបស់លោកស្តីពីបញ្ហាសេដ្ឋកិច្ចនៅលើបណ្តាញសង្គម។ក្នុងអំឡុងពេលមានការបង្ក្រាបលើអ្នកតវ៉ាប្រឆាំងនិងអ្នកចង់កែទំរង់របបរាជានិយមក្នុងឆ្នាំ២០២០ លោកបានទទូចសុំអោយអង្គការUnicef អំពាវនាវទៅរដ្ឋាភិបាលកុំអោយប្រើអំពើហិង្សាលើបាតុករក្មេងៗ។ទោះជាយ៉ាងណាលោកបានបញ្ជាក់ថាលោកនឹងមិនស្វះស្វែងធ្វើការផ្លាស់ប្តូរច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រទេ។
សេដ្ឋីអចលនទ្រព្យរូបនេះ បាននិយាយថា លោកនឹងផ្តោតលើការធ្វើអោយប្រសើរឡើងកំរិតជីវភាពរបស់ប្រជាជន គឺថា«ខ្ញុំនឹងខិតខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្វរបស់ខ្ញុំ…ខ្ញុំនឹងលើកកំពស់សុខុមាលភាពរបស់ប្រជាជនថៃទាំងអស់»៕
ស្រេតថា ថាវីស៊ីន ជាអ្នកនយោបាយចំណូលថ្មីដោយគ្មានបទពិសោធន៍ដឹកនាំរដ្ឋាភិបាលទេ តែបក្សភឿថៃសង្ឃឹមលើបទពិសោធន៍ដឹកនាំក្រុមហ៊ុនអចលនទ្រព្យរបស់លោក សំរាប់ជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់