ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានធ្វើសន្និបាតវិសាមញ្ញដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធដឹកនាំថ្មី។ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានប្រកាសលាលែងពីតំណែង ហើយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានសមាជិកប្រតិបត្តិគាំទ្រធ្វើជាប្រធានសហព័ន្ធជំនួស។
នៅក្នុងពិធីនោះ លោក នេត សារឿន បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ជំរុញការបណ្តុះបណ្ដាលធនធានមនុស្សទាំងធនធានកីឡាករគ្រប់កម្រិតទាំងធនធានគ្រូបង្វឹកអាជ្ញាកណ្ដាលមន្រ្តីបច្ចេកទេសដើម្បីដើរឱ្យទាន់បរិបទរបស់អន្តរជាតិពេលបច្ចុប្បន្ន។បង្កើតសកម្មភាពប្រកួតឱ្យកាន់តែផុលផុសទាំងការប្រកួតកម្រិតក្លិបនិងក្រុមជម្រើសជាតិស្របតាមការគាំទ្រ របស់មហាជននាពេលបច្ចុប្បន្ន។ សិក្សាពិនិត្យលទ្ធភាពពង្រឹងសមាគមក្លិបតាមបណ្តាខេត្តឱ្យបានរឹងមាំរួមទាំងការកសាងហេដ្ឋរចនាសម្ព័ន្ធ ឱ្យបានល្អប្រសើរ។ ធ្វើការជាមួយសហព័ន្ធបាល់ទះតំបន់អាស៊ាន អាស៊ី និងអន្តរជាតិដើម្បីយកឱកាសនាំកម្ពុជាចូលខ្លួនទៅកាន់ថ្នាក់តំបន់និងអន្តរជាតិមិនថាបញ្ជូនក្រុមទៅប្រកួតឬក៏បញ្ជូនមន្រ្តីទៅរៀបចំដឹកនាំការប្រកួតជាដើម។ខិតខំប្រឹងប្រែងចូលរួមការប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើនដើម្បីនាំមេដាយពានរង្វាន់និងកិត្យានុភាពឲ្យកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ។
លោក នេត សាវឿន បានអរគុណមន្ដ្រីសហព័ន្ធទាំងអស់ ដែលបានរួមចំណែកដឹកនាំនិងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាកន្លងមកពិសេសការចូល រួមជាផ្នែកមួយជួយឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ប្រកបដោយភាពជោគជ័យដែលក្រុមបាល់ទាត់បុរសក្នុងសាលកម្ពុជាបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនិងដណ្ដើមបានមេដាយប្រាក់ជូនជាតិ។ សមិទ្ធផលទាំងនេះគឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ទាំងអស់គ្នាដែលជាមន្រ្តីគ្រប់ជាន់ថ្នាក់របស់សហព័ន្ធត្រូវខិតខំពង្រឹងខ្លួនបន្ថែមទៀតដើម្បីដើរឲ្យស្របតាមតម្រូវការនិងបទដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ន ដូច្នេះការងារចំពោះមុខត្រូវជំរុញឲ្យសកម្មភាពមួយចំនួនកាន់តែ ផុលផុសថែមទៀតដូចជាការពង្រឹងយុវជនថ្នាលពង្រឹងមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកការបង្កើតទីលានស្តង់ដារនៅតាមបណ្ដារាជធានីខេត្តពង្រឹងបាល់ទះក្នុងសាលផ្នែកនារីនិងបាល់ទះឆ្នេរខ្សាច់ ទាំងបុរស និងនារី។ លោកក៏សំណូមពរឲ្យមន្ដ្រីរបស់សហព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធ ទទួលយករចនាសម្ព័ន្ធថ្មីរបស់សហព័ន្ធ ហើយអ្នកដែលមានឈ្មោះត្រូវរួមគ្នាគិតរួមគ្នាធ្វើនិងរួមគ្នាទទួលខុសត្រូវដើម្បីនាំបាល់ទះកម្ពុជាបន្ដទទួលបានគាំទ្របន្ថែមទៀតនិងឆ្ពោះទៅកាន់ឆាកអន្ដរជាតិទាំងក្នុងតំបន់និងពិភព លោក។
គួររំលឹកថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦របស់សហព័ន្ធក្រៅពីលោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជាប្រធាន គឺមានលោក ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, លោក ប៊ូ ជុំសេរី, លោក ឌី វិជ្ជា, លោក ឡោ សុឡេង, លោក ជួន ណារិន្ទ, លោក ស រដ្ឋា, លោក អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ (អគ្គលេខាធិការ) ជាអនុប្រធាន ព្រមទាំងសមាជិក ១១រូប និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ក៏ជា សមាជិកប្រតិបត្តិសហព័ន្ធដែរ។
ចំពោះថ្នាក់ដឹកនាំកិត្តិយស គឺមានលោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានកិត្តិយស, លោក គង់ វិបុល ជាអនុប្រធានកិត្តិយស ព្រមទាំងលោកឧកញ៉ា ឃុន សៀ, អ្នកឧកញ៉ា លាង ឃុន, លោកឧកញ៉ា សុខ ហុង និងលោក គៀត ច័ន្ទថារិទ្ធ ជាសមាជិកកិត្តិយស៕/r