ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នាថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ មានពិធីសែន ក្រុងពាលី និងបួងសួងលោកដូនសំ )(រូបសំណាកថ្មី) នៅខេត្តបន្ទាយមានជ័យ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង មហាជននិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ នៅក្នុងឬឆ្លងកាត់ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ជ័យ ណារី, លោក ប្លែក វ៉ារី ប្រធានថ្មីនៃក្រុមប្រឹក្សាខេត្ត ព្រមទាំងមេគណទាំង២ គណៈ  មន្ត្រីរាជការ កងកម្លាំង អាជីវករ ប្រជាពលរដ្ឋ អាចារ្យ អ្នកភ្លេង បានចូលរួមពិធីសាសនាដ៏សំខាន់នេះ នៅទីតាំងរូបសំណាក «លោកយាយសំ» ចន្លោះផ្លូវជាតិលេខ៥ និងផ្លូវដែក ខាងលិចស្ពានទឹកថ្លា នាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមាជិកអាចារ្យខេត្តបន្ទាយមានជ័យ លោកយ៉ង ឡែម បានរៀបរាប់ប្រវត្តិដូនសំ ថាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរចុងសម័យលង្វែកនាសតវត្សទី១៦ អំឡុងពេលដែលសៀមវាយបែកបន្ទាយលង្វែក ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ហើយខ្មែរដែលបែកបាក់ បានខិតខំប្រមូលផ្តុំកម្លាំង រួបរួមសាមគ្គីរំដោះនគរ និងកសាងភាពរុងរឿងឡើងវិញ ។

ចំណែកប្រវត្តិដែលក្រុមការងារក្រសួងបរិស្ថានស្រាវជ្រាវទាក់ទិននឹង “ដូនសំ” នៅភ្នំយាយសំនៃតំបន់ជម្រកសត្វព្រៃរនាមដូនសំ – ម៉ាឡៃ នាឃុំទួលពង្រ គឺជាប្រភពដើម នៃឈ្មោះមេល័យដែលបច្ចុប្បន្ន គឺស្រុកម៉ាឡៃ ។

ព្រះចៅអធិការវត្តគិរីសមស័ក្កិភ្នំយាយសំ នៅឃុំទួលពង្រ បានឱ្យដឹងថាៈ ដូនសំ គឺពាក់ព័ន្ធនឹងអ្នកស្នងរូបផ្លូវក្នុង និងជំនឿផ្លូវងងឹត ។
គេបានឃើញមាន ប្រាសាទធម្មជាតិច្នៃលើកំពូលភ្នំ មានលក្ខណៈដូចជា ទីលានប្រជុំទ័ពមួយ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ( គ.ស ១៥១៦-១៥៦៦) សម័យលង្វែក។

នៅក្នុងរជ្ជកាលព្រះបាទបរមរាជាទី៤ ឬបរមេន្ទរាជា ( គ.ស ១៥៦៦-១៥៧៦ ) ជាបុត្រទី២ របស់ព្រះចន្ទរាជា ក៏បានបង្កើតខេត្តបន្ទាយមានជ័យ នៅខាងលិចខេត្តបាត់ដំបង (ត្រង់ខេត្តបស្ចឹមបូរី ឬខេត្តប្រាជីនបុរី និងខេត្តស្រះកែវ ) បច្ចុប្បន្នរួចហើយដែរ ។
មេល័យ ឬម៉ាឡៃ មានទាក់ទងប្រវត្តិបង្កើតខេត្តបន្ទាយមានជ័យ លើកដំបូង កាលពីសតវត្សទី១៦ ។

យាយសំ ឬដូនសំ ដែលអាចជានិមិត្តរូបមាតានៃស្រុកម៉ាឡៃនេះ បច្ចុប្បន្ន គឺជាអ្នកតា អ្នកដូន។ លោកយាយ មិនមែនត្រឹមតែខ្មែរយើងទេ ដែលគោរពសក្ការ: សូម្បីនៅប្រទេសថៃ នាស្រុកខ្លងហាត និងអារញ្ញប្រថេត ខេត្តស្រះកែវ ស្រុកសយដាវ ខេត្តច័ន្ទបុរី ជាដើម អ្នកស្រុកថៃក៏គោរពសក្ការ:យ៉ាងមុតមាំដែរ ៕ V / N