​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​រដ្ឋាភិបាល​លី​ប៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ព្យួរ​ការងារ​រដ្ឋមន្ត្រីការបរទេស​របស់លោក បន្ទាប់​ពី​សម​ភាគី​អ៊ីស្រាអែល​របស់​លោកស្រី​បាន​ប្រកាស​ថា​គាត់​បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​កាលពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​រ៉ូម​។​

​នាយករដ្ឋមន្ត្រី អាប់​ឌុល​ហា​មី​ដ ឌី​បេបា (Abdulhamid Dbeibah) បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នៅក្នុង​សេចក្តីសម្រេចចិត្ត​ផ្លូវការ​របស់​គាត់ ដែល​បង្ហោះ​លើ​ហ្វេ​សប៊ុក យ៉ាង​ដូច្នេះ​ថា លោកស្រី ណា​ចឡា អាល់​មែន​ហ្គូស (Najla al-Mangoush) ត្រូវបាន​ព្យួរ​ការងារ​បណ្ដោះអាសន្ន ហើយ​នឹង​ត្រូវ​ទទួលរ​ង “​ការស៊ើបអង្កេត​រដ្ឋបាល​” ដោយ​គណៈកម្មាការ​មួយ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​យុត្តិធម៌​។​

​ក្រសួងការបរទេស​លី​ប៊ី​បាន​ពណ៌នា​ថា​វា “​ជា​ឱកាស​ចៃដន្យ​និង​ជាការ​ពើបប្រទះ​គ្នា​ក្រៅផ្លូវការ​” ប៉ុន្តែ​ព័ត៌មាន​នៃ​ជំនួប​នេះ​បាន​នាំឱ្យ​មាន​ការតវ៉ា​តាម​ដងផ្លូវ​នៅក្នុង​ទីក្រុង​មួយចំនួន​នៃ​ប្រទេស​លី​ប៊ី​រួចទៅហើយ​។​

​ជម្លោះ​នយោបាយ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​ក្រសួងការបរទេស​អ៊ីស្រាអែល​បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួបគ្នា​កាលពី​សប្តាហ៍​មុន​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល លោក អែ​លី ខូហិន (Eli Cohen) និង លោកស្រី​មែន​ហ្គូស ដែល​ជា​សម​ភាគី​លី​ប៊ី​របស់គាត់​នៅក្នុង​រដ្ឋបាល​ដែល​មាន​មូលដ្ឋាន​នៅ​ទី​
​ក្រុង​ទ្រី​ប៉ូ​លី បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​រ៉ូម ដែល​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​លោក អង់​តូ​នីញ៉ូ ថា​ចា​នី (Antonio Tajani)​។​

​សេចក្តីថ្លែងការណ៍​របស់​អ៊ីស្រាអែ​លបាន​ពណ៌នា​វា​ថា​ជា​គំនិត​ផ្តួចផ្តើម​ការទូត​ដំបូងបង្អស់​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោកខូ​ហិនបាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ក្រ​សួង​ការបរទេស​អ៊ីស្រាអែ​ល​ថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អំពី​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​ទាំង​ពីរ​ពី​ទំនាក់ទំនង​របស់​ពួកយើង​”​។​

​ប៉ុន្តែ​ក្រសួងការបរទេស​លី​ប៊ី​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា លោកស្រី​មែន​ហ្គូស​បាន “​បដិសេធ​មិន​ជួប​ជាមួយ​ភាគី​ណាមួយ​” ដែល​តំណាងឱ្យ​អ៊ីស្រាអែល​ទេ​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​រ៉ូម​គឺជា​ឱកាស​ចៃដន្យ​និង​ជា​ការ​ពើបប្រទះ​គ្នា​ក្រៅផ្លូវការ ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​អ៊ីតាលី​របស់គាត់ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការពិភាក្សា កិច្ចព្រមព្រៀង ឬ​ការពិគ្រោះ​យោបល់​ណាមួយ​ឡើយ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា លោកស្រី​រដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ “​ក្នុង​លក្ខណៈ​ច្បាស់លាស់​និង​គ្មាន​ការសង្ស័យ​អំពី​ជំហរ​របស់​លី​ប៊ី​ទាក់ទង​នឹង​បុព្វហេតុ​ប៉ាឡេ​ស្ទីន​”​។​

​ព័ត៌មាន​នៃ​ជំនួប​នេះ​បាន​បង្ក​ឱ្យមាន​ការតវ៉ា​នៅក្នុង​ទីក្រុង​មួយចំនួន​នៃ​ប្រទេស​លី​ប៊ី និង លិខិត​មួយច្បាប់​ពី​ក្រុមប្រឹក្សា​ប្រធានាធិបតី​របស់​ប្រទេស ដែល​ស្នើ​សុំ​ការបំភ្លឺ​។​

​ក្រសួងការបរទេស​លី​ប៊ី​បានចោទប្រកាន់​អ៊ីស្រាអែ​លថា​បាន​ព្យាយាម “​បង្ហាញ​ឧបទ្ទវហេតុ​នេះ​” ជា “​កិច្ចប្រជុំ​ឬ​ការពិភាក្សា​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អ៊ីស្រាអែល លោក​ខូហិន​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី “​សារៈសំខាន់​នៃ​ការអភិរក្ស​បេតិកភណ្ឌ​របស់​ជនជាតិជ្វី​ហ្វ​លី​ប៊ី ដែល​រួម​មាន​ការជួសជុល​សាលាជំនុំ​និង​ទី​បញ្ចុះសព​ជនជាតិជ្វី​ហ្វនៅ​ក្នុង​ប្រទេស​នេះ​”៕

រដ្ឋមន្ត្រីការបរទេស​លី​ប៊ី លោកស្រី ណា​ចឡា អាល់​មែន​ហ្គូស​