​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៦០០ នាក់ រួម​ទាំង​កម្លាំង​ពង្រឹង​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន ដែល​គាំទ្រ​ដោយ​កង​យន្តហោះ​ទម្លាក់​ទឹក និង​ឧទ្ធម្ភាគចក្រ​កំពុង​តស៊ូ​ពន្លត់ភ្លើង​ឆេះ​ព្រៃធំៗ​ចំនួន​បី​នៅក្នុង​ប្រទេសក្រិក​កាលពី​ថ្ងៃអាទិត្យ ដែល​ពីរ​ក្នុងចំណោម​នោះ​បាន​ឆាបឆេះ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។​

​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅក្នុង​តំបន់​ទីក្រុង​អេវ​រ៉ូ​ស (Evros) និង​តំបន់​ទីក្រុង​អា​ឡិច​សាន់​ឌ្រូ​ប៉ូលិស (Alexandroupolis) ភាគ​ឦសាន​ប្រទេស ដែល​គេ​ជឿ​ថា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ២០ នាក់​នោះ កំពុង​ឆាបឆេះ​ឈាន​ដល់​ថ្ងៃទី​ប្រាំបួន​ហើយ​។​

​ភ្លើង​ឆេះ​ព្រៃ ដែល​ជា​ភ្លើង​ឆេះ​ព្រៃ​ទោល​ដ៏​ធំ​បំផុត​មិន​ធ្លាប់​វាយប្រហារ​ប្រទេស​សហភាព​អឺរ៉ុប​ពីមុនមក បាន​បំផ្លាញ​ព្រៃឈើ​ដ៏​ច្រើន​សម្បើម និង ឆេះ​ផ្ទះ​នៅ​តំបន់​ដាច់ស្រយាល​នៃ​ទីក្រុង​អា​ឡិច​សាន់​ឌ្រូ​ប៉ូលិស​។​

​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយថា កាលពី​ថ្ងៃអាទិត្យ អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ២៩៥ នាក់ យន្តហោះ​ចំនួន​៧​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន​៥ បាន​កំពុង​ពន្លត់​ភ្លើងព្រៃ​។ បទបញ្ជា​ជម្លៀស​ត្រូវបាន​ចេញ​សម្រាប់​ភូមិ​ចំនួន​ពីរ ដោយ​ភូមិ​មួយ​គឺ​នៅ​តំបន់​ទីក្រុង​អេវ​រ៉ូ​ស​និង​ភូមិ​មួយ​ទៀត​នៅ​តំបន់​រ៉ូ​ដូពី (Rodopi)​។​

​សេវា​គ្រប់គ្រង​គ្រាអាសន្ន​ខូ​ភើ​នី​ឃឺ​ស (Copernicus) របស់​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​លើ​ផ្ទៃដី​ចំនួន ៧៧.០០០ ហិកតា (៧៧០ គីឡូម៉ែត្រ​ក្រឡា​) និង មាន​ចំណុច​ឆេះ​សកម្ម​ចំនួន ១២០​។​

Copernicus គឺជា​អង្គភាព​សង្កេត​ភពផែនដី​របស់​កម្មវិធី​អវកាស​សហភាព​អឺរ៉ុប ហើយ​ប្រើប្រាស់​រូបភាព​ផ្កាយរណប​ដើម្បី​ផ្តល់​ទិន្នន័យ​ផែនទី​។​

​នៅ​តំបន់​ភាគ​ពាយព្យ​នៃ​រដ្ឋធា​នីក្រិក ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​ទៀត​បាន​កំពុង​ឆាបឆេះ​ផ្ទះ​ជា​ច្រើន​ថ្ងៃ​មកហើយ ហើយ​បាន​ឆាបឆេះ​ដល់​ឧទ្យាន​ជាតិ​នៅលើ​ភ្នំ​ផា​នីថា (Parnitha) ដែល​ជា​តំបន់​បៃតង​ចុងក្រោយ​មួយ​នៅ​ជិត​ក្រុង​អាថែន​។​

​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ២៦០ នាក់ យន្តហោះ​មួយគ្រឿង និង ឧទ្ធម្ភាគចក្រ​ចំនួន​បី​គ្រឿង កំពុង​ព្យាយាម​ពន្លត់​អណ្តាតភ្លើង​។​

​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើក​ទី​បី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​នៅលើ​កោះ​ស៊ី​ក្លា​ឌី​ក (Cycladic) នៃ​តំបន់​អាន់ដ្រូ​ស (Andros) ហើយ​នៅតែ​មិន​អាច​គ្រប់គ្រង​បាន​កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ៧៣ នាក់ យន្តហោះ​ពីរ​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ជួយ​ពន្លត់ភ្លើង​។​

​រន្ទះបាញ់​ត្រូវ​គេ​សង្ស័យថា​ជា​អ្នកបង្ក​ភ្លើង​ឆេះ​ព្រៃ​នោះ​៕

​ភ្លើង​ឆេះ​ព្រៃ​ដុតបំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ភាគ​ពាយព្យ​ក្រុង​អាថែន