ដោយៈសុវណ្ណ / រតនគិរី: ករណីទំនាស់ព្រំដីចម្ការជាប់គ្នាមួយកន្លែង នៅស្រុកកូនមុំ ដែលអាជ្ញាធរ ពុំព្រមដោះស្រាយ​ដើម្បីបញ្ចប់រឿងតាមផ្លូវច្បាប់នោះ តែពេលនេះ មានគូភាគីម្ខាង បានរងអំពើឃាតកម្ម គួរឲ្យរន្ធត់គឺ ឪពុកត្រូវគេកាប់ជាច្រើនកាំបិត ដាច់កស្លាប់ នៅនឹងកន្លែង ហើយកូនប្រុសម្នាក់ ចូលទៅជួយ ត្រូវមួយកាំបិត ចំកំភួនដៃឆ្វេង ស្ទើដាច់ចេញពីគ្នា ពេលនេះ បានបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៩ ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភ្នំទឹកចេញ ក្នុងចម្ការចន្ទីមួយកន្លែង ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះបាត់បង់ជីវិត មានឈ្មោះ ពេជ្យ ម៉ូលី ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវជាឪពុក ឯកូនប្រុសម្នាក់ បានរងរបួសធ្ងន់ មានឈ្មោះ សាន់ ប៊ីសុី អាយុប្រហែល ១៧ឆ្នាំ។ ដោយឡែក ជនសង្ស័យមានឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំ ។ ពួកគេជាជនជាតិខ្មែរ មានមុខរបរ ជាកសិករ មានទីលំនៅ នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

លោក ឡុង ឌឿន មេប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងច្រេស បានប្រាប់ឲ្យដឹងថាៈ ក្រោយពីកើតហេតុ​ជនស្ស័យ បានឲ្យគេជិះម៉ូតូដឹកខ្លួន មកកាន់ប៉ុស្ដិ៍ប៉ូលិសឃុំ ដើម្បីទទួលទោស ដែលគេបានសម្លាប់មនុស្សផ្ទាល់ដៃ។

ជនសង្ស័យ បានសារភាពថាៈ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា នេះ ខ្លួនពិតជាបានយក កាំបិតផ្គាក់ កាប់ទៅលើឈ្មោះ ពេជ្យ ម៉ូលី ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅនឹង កន្លែង និងបានកាប់កូនប្រុសគាត់ ឲ្យរបួសធ្ងន់មែន គឺដោយសាខឹងជនរងគ្រោះ បាញ់ថ្នាំស្មៅសម្លាប់សណ្ដែកសៀងរបស់ខ្លួន ដែលដាំនៅជាប់ព្រំគ្នា។

ជនសង្ស័យ បានបញ្ជាក់ថាៈ ដំបូង ខ្លួនបានស្រែកសួរទៅជនរងគ្រោះ ពីរនាក់ឪនិងកូន ដែលកំពុងកាន់ចបត្រសេះ កាយដីដាក់ជីគល់ចន្ទីថា​ហេតុអីបានជាឯងបាញ់ថ្នាំសម្លាប់ សណ្ដែកអញ ដឹងហើយថា ដីនោះអញបានធ្វើ និងអាស្រ័យផល ពីរ បីឆ្នាំមកហើយ ម៉េចមិនចាំដោះស្រាយតាមច្បាប់។

លោកមេប៉ុស្ដិ៍ បានដកស្រង់សម្ដីជនសង្ស័យថាៈ ខណៈពេលនោះ ជនរងគ្រោះ បានស្រែកជេរពាក្យអសុរោះ ហើយប្រាប់ថា បើអ្ហែងខ្លាំង អ្ហែងចូលមក ឯជនសង្ស័យ មានគ្នាបីនាក់ ឪនិងកូនដែរ ហើយកំពុងកាន់កាំបិតកាប់លះមែកស្វាយចន្ទី នៅក្បែនោះ ក៏បានដើរសំដៅចូលទៅរកជនរងគ្រោះទាំងកំហឹង តែត្រូវកូនប្រុសរបស់ជនរងគ្រោះ ច្រានទ្រូងចេញ ភ្លាមនោះ ជនរងគ្រោះ ក៏ទាញចបត្រសេះ ពីដៃកូនតែត្រូវជនសង្ស័យ កាប់បានមុនទៅលើជនរងគ្រោះ ចំនួនមួយកាំបិតចំក្បាល និងមួយកាំបិរទៀត កាប់កូនត្រូវចំដៃឆ្វេងដាច់ឆ្អឹង នៅជាប់ស្បែក។

ដោយសារជនរងគ្រោះឪពុកនិកូននោះ បានត្រូវរបួសធ្ងន់ ក៏រត់គេច ដើម្បីទៅរកគេ ឲ្យជួយ តែឪពុក រត់មិនបានលឿន ព្រោះគាត់មានជំងឺភ្នែកម្ញូ៉ប (ពេទ្យទើបបក) ក៏ដេញទាន់ ហើយកាប់ជនរងគ្រោះ ជាច្រើនកាំបិត ចំក្បាល ចំប្រអប់ដៃឆ្វេង ចំទ្រូង និងដាច់កផ្នែកខាងក្រោយ បណ្ដាលឲ្យដួលដេកក្នុងថ្លុកឈាម រួចជនសង្ស័យបោះ កាំបិតចោល ឲ្យគេជិះម៉ូតូដឹកខ្លួន ទៅប៉ុស្តិ៍ប៉ូលិស ដើម្បីទទូលទោសតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកកូនមុំ ដើម្បីសាកសួរ និងបង្កសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅតុលាការ។

មន្ត្រីប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងច្រេស បានបញ្ជាក់ថាៈ ករណីឃាតកម្មនេះ ផ្ដើមចេញពីគំនុំរុំារៃ គឺរឿងព្រំដីចម្ការមួយកន្លែងជាប់គ្នា នៅចំណុចកើតហេតុ ដែលបានប្ដឹងផ្ដល់ទៅសាលាឃុំត្រពាំងច្រេស ឲ្យជួយដោះស្រាយ តែលោកមេឃុំ ប្រាប់ថា មិនចេះដោះទេ ដោយសារដីនោះ ដើមឡើយ ជាដីព្រៃរបស់សហគមន៍ តែពួកឯងបានជាចូលទៅកាន់កាប់ហើយ គួរតែសម្រួលគ្នាធ្ចើទៅ តែអ្នកទាំងពីរ មិនបានស្ដាប់មេឃុំ និងសម្រួលចែកគ្នាទេ គឺអូសបន្លាយរហូតមកដល់ពេលនេះ មានរយៈពេលប្រហែល ប្រាំឆ្នាំមកហើយ នៅទីបំផុត ក៏មានភាគីម្ខាងស្លាប់ ដោយសារដីនោះតែម្ដង៕ V / N