ដោយៈ សុផល / ភ្នំពេញ៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក គឺជាកត្តាចាំបាច់ ដែលត្រូវតែអនុវត្ត និងសម្របសម្រួល ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការរស់នៅ និងប្រកបរបរផ្សេងៗ ជូនពួកគាត់។
នេះជាប្រសាសន៍លើកឡើងរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោក សាយ សំអាល់ បានស្នើដល់ក្រុមការងារ ត្រូវស្វែងរកដីធ្លី សម្រាប់បង្កើតជា រោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានា រួមនឹងការបណ្ដុះបណ្ដាលជំនាញ ផ្សេងៗផងដែរ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលលទ្ធភាព និងស្នើឲ្យមាន អាទិភាពពិសេស ចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារ នៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មី នាពេលខាងមុខ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្តាប់ និងទទួលសំណូមពរបន្ថែម ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍ និងមន្ត្រីជំនាញនិងណែនាំឲ្យមន្ត្រី ជំនាញអន្តរក្រសួង ពិនិត្យនិងដោះស្រាយ កុំឱ្យមានការលិចលង់ នៅក្នុងរដូវវស្សា និងខ្វះខាតទឹក នៅក្នុងរដូវប្រាំងផងដែរ។
ភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្លាយជាទីតាំងដែលរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕ V / N