ដោយៈ គ្រីសម្បត្តិ/ភ្នំពេញ  លោក ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យនិងវាយតំលៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។

លោកបានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅអោយបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាអោយបានទូលំទូលាយនិងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងអោយពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីអោយសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់អោយបានត្រឹមត្រូវឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់។

អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីអោយសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្នក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។ ចំពោះបញ្ហាទំនាស់ដីធ្លី លោកឧបនាយករដ្ឋមន្រ្តី បានចាត់អោយមានការសម្របសម្រួលបែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ ដោយឡែកបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយអោយស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនអោយមានកិច្ចសហការជាមួយដៃគូរឺមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍រឺសិស្សនិស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលអោយបានច្រើនថែមទៀត ៕/PC