ដោយ៖ដេប៉ូ / ភ្នំពេញ៖ កិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កេីត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា បានធ្វើឡើងដើម្បីជាប្រយោជន៍ កសាងរដ្ឋាភិបាល ឌីជីថល និង ពលរដ្ឋឌីជីថលនៅកម្ពុជា កាន់តែរីកចម្រើនថែមទៀត។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ប្រាប់ក្នុងពិធីនេះថាៈ ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាព លើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល នៅកម្ពុជា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណទី៥។

លោកបានមានប្រសាសន៍ថាៈ កិច្ចព្រមព្រៀង នៅថ្ងៃនេះ ជាផ្នែកសំខាន់មួយ នៃការគាំទ្រ​ដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសកិច្ចការអាទិភាព ក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startup), ការកសាង និងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្ត លើប្រព័ន្ធឌីជីថល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួម អនុវត្តគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល​ជាពិសេស ការអនុវត្តគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕/V/r