ដោយៈ ប.ខុន / ភ្នំពេញៈ ខណៈពេលព្យុះសាវឡា បង្កើនឥទ្ធិពលកាន់តែខ្លាំង នៅពេលដើរដល់ក្នុងសមុទ្រភាគឦសាន ប្រទេសហ្វីលីពីន ដោយបន្តដំណើរទៅរក ដីគោក ភាគអគ្នេយ៍ ប្រទេសចិន បន្ទាប់ពីបានដើរកាត់ក្រោម (ត្បូង) កោះតៃវ៉ាន់ និងព្យុះទី១០ ឈ្មោះដំរី នៅក្នុងសមុទ្រខាងកើត ប្រទេសជប៉ុន បានថយឥទ្ធិពល នៅក្នុងសមុទ្រខាងកើត ប្រទេសជប៉ុន ព្យុះទី១១ ឈ្មោះហៃគុយ (Hau Kui) ក៏បានកើត មានឡើង នៅក្នុងសមុទ្រខាងកើត ប្រទេសហ្វីលីពីន ដែលតាមការព្យាករ វាមានដំណើរទៅរកភាគខាងកើតប្រទេសចិន ដោយកាត់ខាងលើ (ជើង) កោះតៃវ៉ាន់។ ព្យុះទាំងបីនេះ មានឥទ្ធិពលប្រយោលតែមួយទេ មកលើកម្ពុជា ដោយបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់ខ្លាំងនៅលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី២៩ ខែសីហា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថាៈ ព្យុះចំនួនបី កំពុង មានសកម្មភាពនៅក្នុងសមុទ្រប៉ាស៊ីហ្វិក មានតែមួយទេ ដែលនឹងមានឥទ្ធិពល ប្រយោល ដល់ប្រទេសកម្ពុជា ដោយបង្កឱ្យមានខ្យល់ខ្លាំងលើផ្ទៃសមុទ្រ និងភ្លៀង ក្នុងកម្រិតពីមធ្យម ទៅច្រើននៅតំបន់មាត់សមុទ្រ។ ឯព្យុះពីរទៀត មិនមានឥទ្ធិពលអ្វី ដល់ប្រទេសកម្ពុជាទេ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ ព្យុះទី៩ ឈ្មោះសាវឡា ជាព្យុះ ទីហ្វុង កម្រិត៣ កំពុងមានសកម្មភាពនៅក្នុងសមុទ្រភាគឦសាន ប្រទេសហ្វីលីពីន វាបានបង្កើនឥទ្ធិពល កាន់តែខ្លាំង ដែលតាមការព្យាករ វាមានដំណើរទៅរកភាគអគ្នេយ៍ នៃប្រទេសចិន បន្ទាប់ពីបានដើរកាត់ក្រោម(ត្បូង)កោះតៃវ៉ាន់។ ឯព្យុះទី១០ ឈ្មោះដំរី នៅក្នុងសមុទ្រភាគខាងកើត ប្រទេសជប៉ុន វាអាចនឹងរលាយទៅវិញ នៅក្នុងសមុទ្រ ខាងកើតប្រទេសជប៉ុន។ ចំពោះព្យុះទី១១ ដែលកើតនៅក្នុងសមុទ្រ ខាងកើតប្រទេស ហ្វីលីពីន មានឈ្មោះហៃគុយ ( Hau Kui) តាមការព្យាករ វាមានដំណើរទៅរក ដីគោក ខាងកើតប្រទេសចិន បន្ទាប់ពីដើរកាត់លើភាគខាងជើងកោះតៃវ៉ាន់។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ដំណើររបស់ព្យុះទាំងបី មានការប្រែ ប្រួលលឿនណាស់ មន្ត្រីជំនាញ កំពុងតែបន្តធ្វើការ តាមការវិវត្តរបស់ព្យុះទាំងនេះ។ ទោះជាយ៉ាងណា ស្ថានភាពភ្លៀងនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមមានធ្លាក់រាយប៉ាយ ល្អឡើងវិញ ចាប់ពីថ្ងៃនេះ ជាពិសេសចាប់ពីថ្ងៃទី២៩ ខែសីហា ដោយសារឥទ្ធិពល ប្រព័ន្ធសម្ពាធទាប នឹងមានឥទ្ធិពលកាន់តែខ្លាំង នៅពេលព្យុះថយឥទ្ធិពល។តែនៅក្នុង ពេល ពីរ បី ថ្ងៃខាងមុខ មានខ្យល់ខ្លាំង នៅលើផ្ទៃសមុទ្រ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៨ សីហា ដល់ថ្ងៃទី៣ ខែកញ្ញាថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម រួមជាមួយនឹង ឥទ្ធិពលខ្សោយ ពីព្យុះទីហ្វុងសាវឡា (ទី៩) ស្ថិតនៅខាងកើត នៃភាគខាងជើង ប្រទេសហ្វីលីពីន ដែលព្យុះនេះ នឹងដើរចូលដល់ភាគអគ្នេយ៍ប្រទេសចិន នៅថ្ងៃទី២ ខែកញ្ញា នាំឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពធាតុអាកាស បែបខាងលើ ក្នុងសេចក្តីជូនដំណឹង បានសរសេរលម្អិតថាៈ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរិមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរិមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ទៅ ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរិមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក ជាមួយនឹងរលកសមុទ្រ ក្នុងកម្រិតបង្គួរ៕/V