ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីលីប៊ី ដែលមានការទទួលស្គាល់ជាអន្តរជាតិ បានបណ្តេញអ្នកការទូតកំពូលរបស់គាត់ចេញ បន្ទាប់ពីលោកស្រីបានជួបសមភាគីអ៊ីស្រាអែល ដោយព័ត៌មាននៃការជួបគ្នានេះបានបង្កឱ្យមានការតវ៉ានៅក្នុងប្រទេស ដែលមិនទទួលស្គាល់អ៊ីស្រាអែល។
ប្រទេសសម្បូរប្រេងលីប៊ី ដែលបានធ្លាក់ចូលទៅក្នុងភាពវឹកវរ បន្ទាប់ពីមេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វ៊ី ត្រូវបានផ្តួលរំលំ និងសម្លាប់នៅក្នុងការបះបោរដែលគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ត្រូវបានបែងចែកចាប់តាំងពីឆ្នាំ ២០១៤ រវាងរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិរបស់នាយករដ្ឋមន្ត្រី អាប់ឌែលហាមីដ ឌីបេបា (Abdelhamid Dbeibah) ក្នុងទីក្រុងទ្រីប៉ូលី និងរដ្ឋបាលគូប្រជែង ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេស។
អ្នកវិភាគដែលបាននិយាយទៅកាន់AFP ហាក់យល់ស្របថា លោកស្រី ណាចឡា អាល់ មែនហ្គូស (Najla al-Mangoush) គឺជា “មនុស្សរងកំហុសជំនួសគេ” សម្រាប់ការសម្រេចចិត្តដែលធ្វើឡើងដោយមេដឹកនាំជាគូប្រជែងរបស់លីប៊ី ហើយបានផ្សារភ្ជាប់ជំនួបនេះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកក្នុងការដាក់សម្ពាធបណ្តាប្រទេសអារ៉ាប់បន្ថែមទៀតដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។
បណ្តាញព័ត៌មានឯកជន Al-Ahrar ដែលដកស្រង់ប្រភពរដ្ឋាភិបាល បាននិយាយថា លោកស្រីមែនហ្គូសត្រូវបានបណ្តេញចេញ បន្ទាប់ពីកិច្ចប្រជុំមួយកាលពីសប្តាហ៍មុននៅទីក្រុងរ៉ូមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អែលី ខូហិន (Eli Cohen)។
ស្ថានទូតប៉ាឡេស្ទីននៅទីក្រុងទ្រីប៉ូលីក៏បានរាយការណ៍ពីការបណ្តេញលោកស្រីចេញដែរ ដោយនិយាយថា ដំណឹងនេះត្រូវបានប្រកាសដោយលោកឌីបេបាក្នុងអំឡុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃចន្ទទៅកាន់ស្ថានទូត។ លោកឌីបេបាក៏បានប្រកាស “ការបដិសេធរបស់គាត់ចំពោះការធ្វើឱ្យមានប្រក្រតីភាពធម្មតាជាមួយអ៊ីស្រាអែល” និង ការគាំទ្រទាំងស្រុងរបស់លីប៊ីសម្រាប់ប្រជាជនប៉ាឡេស្ទីនផងដែរ។
នៅភាគខាងកើត សមាជិកសភាលីប៊ីបានទាមទារឱ្យមានការស៊ើបអង្កេតលើកិច្ចប្រជុំនៅក្នុងសម័យប្រជុំពិសេសមួយ ដែលក្នុងអំឡុងពេលនោះ ពួកគេបានពាក់ក្រណាត់ជួតក្បាលស-ខ្មៅប៉ាឡេស្ទីន។
កិច្ចប្រជុំរវាងលោកស្រីមែនហ្គូសនិងលោកខូហិនបានបង្កឱ្យមានការតវ៉ានៅយប់ថ្ងៃអាទិត្យនៅទីក្រុងទ្រីប៉ូលីនិងទីក្រុងផ្សេងទៀត នៅពេលដែលក្រុមបាតុករបានបិទផ្លូវដោយដុតសំបកកង់រថយន្តនិងគ្រវីទង់ជាតិប៉ាឡេស្ទីន។
មុនពេលធ្វើទស្សនកិច្ចនៅស្ថានទូតប៉ាឡេស្ទីន រដ្ឋាភិបាលរបស់លោកឌីបេបា បាននិយាយថា លោកស្រីមែនហ្គូស “ត្រូវបានព្យួរការងារបណ្តោះអាសន្ននិងស្ថិតក្រោមការស៊ើបអង្កេតរដ្ឋបាល” ខណៈនៅអ៊ីស្រាអែល លោកខូហិនបានបញ្ជាក់ថា កិច្ចប្រជុំនេះពិតជាបានកើតឡើងមែន។
ទីកន្លែងលាក់ខ្លួនរបស់លោកស្រីមែនហ្គូសគឺមិនដឹងច្បាស់លាស់ទេកាលពីថ្ងៃចន្ទ បន្ទាប់ពីរបាយការណ៍លើបណ្តាញសង្គមថា លោកស្រីបានហោះទៅកាន់ប្រទេសតួកគី ខណៈដែលការតវ៉ាបានផ្ទុះឡើងយ៉ាងខ្លាំង។
ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់លីប៊ី (ISA) បាននិយាយថា លោកស្រីមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសទេ ហើយស្ថិតក្នុង “បញ្ជីហាមឃាត់ការធ្វើដំណើរ” ដោយកំពុងរង់ចាំការស៊ើបអង្កេតសិន។
ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគី ដែលដកស្រង់ប្រភពសន្តិសុខ បាននិយាយថា លោកស្រីមែនហ្គូសបានចាកចេញទៅទីក្រុងអ៊ីស្តង់ប៊ុលរួចហើយ បន្ទាប់ពីមានជម្លោះខាងការទូត៕
ជំនួបរបស់លោកស្រីមែនហ្គូសជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបង្កការតវ៉ាទូទាំងប្រទេសលីប៊ី