ដោយ:ដេប៉ូ/ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឱ្យដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសសរុប ចំនួន ៩ ៣២៣ និង មានកម្មករនិយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ពីរពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។

ការលើកឡើងរបស់លោក រដ្ឋមន្រ្តីក្រសួងការងារបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលពីសំណាក់៉កឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយកម្មករ កម្មការិនីជាង១៨ ០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។
ក្នុងពិធីសំណេះសំណាលនេះដែរមានកម្មករនិយោជិត សរុបមានចំនួន ១៨ ០១៣នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះលើសពី ៣ខែ មានចំនួន ៨៤៤នាក់ ។
ថ្លែងក្នុងពិធីនេះលោក ហេង សួរ បានឱ្យដឹងថា សម្រាប់រោងចក្រសហគ្រាស វិស័យកាត់ដេរវិញ មានចំនួនសរុប ៧៣៤ មានកម្មករនិយោជិតសរុបជិតប្រមាណជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ។រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ”។
ទាក់ទិនលើវិស័យការងារវិញត្រូវបានលោក រដ្ឋមន្រ្តី ក្រសួង ការងារឱ្យដឹងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតមានភាពប្រសើរឡើងជាបន្តបន្ទាប់ ជាក់ស្តែងប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣។
លោកបន្តថាសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយជាង ២ទសវត្ស លើកលែងតែក្នុងកំលុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល និងវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោក ដែលបណ្តាលមកពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន។
ដោយឡែកឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាក្នុងពិធីនេះដែរបានណែនាំឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រៀបចំកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ និងបានណែនាំក្រសួងឱ្យយកចិត្តទុកដាក់ក្នុងការសម្របសម្រួលការពិភាក្សាឱ្យរលូននិងបានល្អ ជាពិសេសឱ្យបានចេញជាលទ្ធផលនៅមុនពេលបុណ្យភ្ជុំបិណ្ឌខាងមុខ។
គួររំលឹកថា រាជរដ្ឋាភិបាលក៏បានខិតខំកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ដោយបានបង្កើត និងពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គមជាបន្តបន្ទាប់ ហើយបានតម្រូវឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០ភាគរយ ក្នុងផ្នែកថែទាំងសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០ភាគរយក្នុងផ្នែកប្រាក់សោធន។ ប្រការនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហា និភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍៕srn / N