ដោយ: បូកគោ / កែប: កងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានប្រគល់សាច់គោបង្កក រួមទាំងវត្ថុតាងពាក់ព័ន្ធជូនសាខាគយ និងរដ្ឋាករខេត្តកំពត ក្រោយបង្ក្រាបបាន កាលពីយប់ ថ្ងៃទី២៨ ខែសីហា។

មន្ត្រីកងរាជអាវុធហត្ថខេត្តកែប បានប្រាប់ឱ្យដឹងថាៈ ក្រោយទទួលព័ត៌មានអំពី ការដឹកជញ្ជូនទំនិញខុសច្បាប់ តាមទូក មកដាក់រថយន្ត នៅចំណុចកំពង់ទូកនេសាទ មួយកន្លែង ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ កាលពីយប់ថ្ងៃទី២៨ ខែសីហា សមត្ថកិច្ចចម្រុះ បានចុះដល់គោលដៅភ្លាមៗ។ នៅតាមផ្លូវ សមត្ថកិច្ច បានប្រទះឃើញរថយន្តម៉ាកសាំយ៉ុង មួយគ្រឿង គួរឱ្យសង្ស័យ ទើបឃាត់ហៅ ដើម្បីសួរនាំ និងត្រួតពិនិត្យ។

ប្រភពដដែល បានបញ្ជាក់ថាៈ ពេលនោះ មនុស្សចំនួន៦នាក់ បាននាំគ្នារត់គេច ដោយបន្សល់ទុករថយន្ត និងទំនិញនៅខាងក្នុង។​ លុះសមត្ថកិច្ច ពិនិត្យក្នុងរថយន្ត ស្រាប់តែឃើញសាច់គោបង្កក ចំនួន ៩ កេស មានទម្ងន់ ៣២៣ គីឡូក្រាម។ បន្ទាប់មក មន្ត្រីអាវុធហត្ថខេត្តកែប ក៏បានប្រគល់វត្ថុតាងទាំងនេះ ជូនទៅមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពត ដើម្បីចាត់ការបន្ត៕ V / N