ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ក្រសួងយោធាតៃវ៉ាន់កាលពីថ្ងៃអង្គារបានព្រមានអំពីភាពតានតឹងយោធាកើនឡើងខ្លាំងក្រោយពីបានរាយការណ៍អំពីសកម្មភាពយោធានៅក្បែរកោះនេះជាថ្មីរួមមានយន្តហោះប្រយុទ្ធចិន ដែលបានហោះកាត់ខ្សែបន្ទាត់កណ្តាលនៃចក្រសមុទ្រតៃវ៉ាន់។

កោះប្រជាធិបតេយ្យតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន បានត្អូញត្អែរអស់បីឆ្នាំមកនេះអំពីសម្ពាធយោធាកាន់តែកើនឡើងមកពីចិនប៉េកាំង ភាគច្រើនការបញ្ជូនយន្តហោះយោធាមកចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់។

ក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសង្កេតឃើញយន្តហោះយោធាចិន១២គ្រឿង ហោះចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់និងប្រាំពីរគ្រឿងបានហោះកាត់ខ្សែបន្ទាត់កណ្កាលនៃច្រកសមុទ្រតៃវ៉ាន់រួមមានយន្តហោះ J-10ប្រាំមួយគ្រឿងនិងដ្រូនមួយគ្រឿង។នាវាចម្បាំងចិនប្រាំគ្រឿងក៏ធ្វើការបើកល្បាតក្បែរកោះនេះផងដែរ។

កំណើនសកម្មភាពយោធាចិននៅក្បែរកោះតៃវ៉ាន់កើតឡើងបន្ទាប់ពីអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើការឈប់សំចតនៅអាម៉េរិកក្នុងដំណើរទាំងទៅនិងមកពីប្រទេសប៉ារ៉ាហ្កាយ។វាក៏កើតឡើងចំថ្ងៃដែលអភិបាលក្រុងតៃប៉ិះ មកពីគណបក្សប្រឆាំងកូមីនតាង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនប៉េកាំងបានធ្វើដំណើរទៅដល់ទីក្រុងសៀងហៃ សំរាប់កិច្ចពិភាក្សាលើកិច្ចសហការរវាងទីក្រុង។

និយាយទៅកាន់អ្នកយកព័ត៌មានមុនចេញដំណើរទៅសៀងហៃ លោក ឈាង វ៉ាន់-អាន(Chiang Wan-an)បាននិយាយថា កិច្ចជំនួបរវាងទីក្រុងនេះជាវិធីល្អមួយសំរាប់រក្សាបណ្តាញទាក់ទងអោយនៅមាននិងបញ្ជូនសារនៃ«តំលៃសន្តិភាព»។

ការិយាល័យរបស់លោកក៏បាននិយាយថា« អ្វីដែលប្រជាជនតៃវ៉ាន់ចង់បានគឺសន្តិភាពនិងវិបុលភាព។នេះជាសម្លេងរបស់ប្រជាជននិងជាជំហររបស់រដ្ឋាភិបាលនៃទីក្រុងនេះ»៕