ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ជប៉ុនបានគំរាមកាលពីថ្ងៃអង្គារ ទី២៩ សីហាថានឹងប្តឹងចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីសុំឱ្យដកចេញការហាមឃាត់របស់រដ្ឋាភិបាលក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្មដែលបានព្យាបាលរួចពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាដាយអ៊ីជិ (Fukushima Daiichi)។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងចាត់វិធានការចាំបាច់ (លើការហាមឃាត់របស់ចិនលើផលិតផលជលផល) ក្រោមវិធីផ្សេងៗ រួមទាំងក្របខណ្ឌ WTO ។
ចំណែករដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី សានែ តាកៃឈិ (Sanae Takaichi) បាននិយាយដាច់ដោយឡែកពីគ្នាថា ការដាក់ពាក្យប្តឹងទៅ WTO អាចក្លាយជាជម្រើសមួយ ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិនតាមរយៈផ្លូវការទូតមិនមានប្រសិទ្ធភាព។
ការអត្ថាធិប្បាយបែបនេះបានកើតឡើង ខណៈអាជីវកម្មជប៉ុននិងកន្លែងសាធារណៈនានាបានបន្តទទួលតេហៅយាយីពីលេខទូរស័ព្ទដែលមានលេខកូដ +86 របស់ចិន ដោយមានអ្នកហៅទូរស័ព្ទជាច្រើនបានត្អូញត្អែរអំពីការបញ្ចេញទឹកនៅហ្វ៊ូគូស៊ីម៉ា។
សារព័ត៌មាន Jiji បានរាយការណ៍ថា ទីភ្នាក់ងារគោលនយោបាយជាតិរបស់ជប៉ុនបានទទួលរបាយការណ៍ចំនួន ២២៥ នៃការតេហៅបែបយាយីរហូតមកដល់បច្ចុប្បន្ន ហើយរដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងស្វែងរកជំនួយពីក្រុមហ៊ុនទូរគមនាគមន៍ដើម្បីទប់ស្កាត់ការហៅទូរស័ព្ទបែបនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន NTT Communications ដែលជាអង្គភាពទូរគមនាគមន៍របស់ក្រុមហ៊ុន Nippon Telegraph និង Telephone បាននិយាយថា អ្នកប្រើប្រាស់ទូរស័ព្ទលើតុច្រើនឡើងកំពុងស្នើសុំឱ្យបិទលេខបរទេស។ ក្រុមហ៊ុន NTT និងក្រុមហ៊ុនទូរស័ព្ទផ្សេងទៀត រួមទាំង KDDI និង SoftBank Corp កំពុងពិភាក្សាអំពីវិធានការនានាតាមសំណើរបស់រដ្ឋាភិបាល។
លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “វាពិតជាគួរឱ្យសោកស្តាយ និងព្រួយបារម្ភជាខ្លាំងចំពោះការហៅទូរស័ព្ទមកយាយីជាច្រើន ដែលទំនងចេញមកពីប្រទេសចិន”។ លោកបានបន្តថា បើតាមប្រជាពលរដ្ឋនៅហ្វ៊ូគូស៊ីម៉ា ការហៅទូរស័ព្ទខ្លះបានកកូរដល់មន្ទីរពេទ្យទៀតផង។
លោកនីស៊ីមូរ៉ាបាននិយាយថា “ជីវិតមនុស្សឥឡូវនេះកំពុងជួបបញ្ហា។ សូមបញ្ឈប់ការហៅទូរស័ព្ទបែបនេះជាបន្ទាន់”។
លោករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលកំពុងប្រមូលព័ត៌មានស្តីពីរបាយការណ៍នៃចលនាដើម្បីធ្វើពហិការផលិតផលជប៉ុននៅក្នុងប្រទេសចិន ហើយនឹងធ្វើការជាមួយមេដឹកនាំអាជីវកម្មដើម្បីដោះស្រាយស្ថានភាពនេះ៕
អ្នកកាសែតពីប្រទេសជាច្រើនត្រូវបានអញ្ជើញឱ្យពិនិត្យទឹកនុយក្លេអ៊ែរដែលបានព្យបាលរួចនៅរោងចក្រហ្វ៊ូគូស៊ីម៉ាកាលពីថ្ងៃអាទិត្យ