ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តា ស្នងការដ្ឋាននគរបាលជាតិ រាជធានី-ខេត្ត ទាំងអស់ ត្រូវរៀបចំផែនការសកម្មភាព របស់ខ្លួន ឱ្យបានច្បាស់លាស់ សម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីរួមគ្នា ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ ដែលផ្តោត សំខាន់លើ ៥ ចំណុច រួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.អំពើឆក់ប្លន់, ៤.ការជួញដូរមនុស្ស, ៥. ក្មេងទំនើង និង៦.បញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋាន ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។
ការណែនាំនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ក៏បានណែនាំដល់ រដ្ឋលេខាធិការទទួលបន្ទុក និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាព ឡើងវិញចំពោះ មន្ត្រីបុស្តិ៍នគរបាលរដ្ឋបាល នៅមូលដ្ឋាន ពិនិត្យមើលឱ្យបានគ្រប់ជ្រុង ជ្រោយ ពីបញ្ហានានារបស់បុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងជួបប្រទះ ជាពិសេស ការកង្វះមន្ត្រីបំរើការងារ ដែលជាកម្លាំងដ៏សំខាន់ នៅកៀកនឹងប្រជាពលរដ្ឋ ក្នុងការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅមូលដ្ឋាន និងបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីជូនជាតិ សម្រេចបានជោគជ័យធំៗ ជាច្រើនកន្លងទៅ។ ឯកឧត្តម អភិសន្តិបណ្ឌិត បានណែនាំឱ្យថ្នាក់ដឹកនាំ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ បន្តចូលរួមសហការដឹកនាំ អនុវត្តនូវតួនាទីភារកិច្ចដែលបាន ប្រគល់ជូនក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះ ទទួលបានលទ្ធផលជោគជ័យថ្មីៗ បន្ថែមទៀត សម្រាប់ជាតិមាតុភូមិ៕ V / N