ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានផ្តល់​អនុសាសន៍ដល់ឯកអគ្គរាជទូតតែងតាំងថ្មីទាំងអស់ត្រូវខិតខំជំរុញកិច្ចការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការ​ទូត​សិល្បៈដែលជាវិស័យអាទិភាពចម្បងនៃការងារការបរទេសក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពី​សក្តានុពល​សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌កម្ពុជា ដ៏រុងរឿងដល់ពិភពលោក ព្រមទាំងពង្រឹងទំនាក់ទំនងរវាងព្រះរាជាណាចក្រ​កម្ពុជា​ជាមួយប្រទេសនានាផងដែរ។ការណែនាំនេះបានធ្វើឡើងក្នុងឱកាសអនុញ្ញាត ឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មីចំនួន ៧ រូប ចូលជួប​សម្តែង​ការគួរសមនិងជម្រាបលានៅទីស្តីការក្រសួង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ឯកអគ្គរាជទូតតែងតាំងថ្មីចំនួនប្រាំពីររូប ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកបដោយភាព​ទទួលខុសត្រូវខ្ពស់ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពនៃប្រទេសយើង។

លោកឧបនាយករដ្ឋមន្រ្តីបានអបអរសាទរដល់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មីទាំងប្រាំពីររូប ដែលនឹងទៅបំពេញ​បេសកកម្ម​ការទូតតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ចក្រភពអង់គ្លេស, សាធារណរដ្ឋស៊ែប៊ី, សាធារណរដ្ឋតួកគី, សាធារណរដ្ឋឥណ្ឌូនេស៊ី, និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា លោកនឹងខិតខំធ្វើយ៉ាងណានឹងជួយស្វះស្វែងផ្តល់លទ្ធភាពដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។

ក្នុងឱកាសនេះដែរលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាតំណាងឱ្យឯកអគ្គរាជទូតទាំងប្រាំពីររូប បាន​ប្តេជ្ញាថា នឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋខ្មែរ ឱ្យទាន់ពេលវេលា និងទទួលបាន សេវាល្អ ព្រមទាំងលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និង ទាក់ទាញវិនិយោគបរទេសឱ្យបានច្រើនដើម្បីមកវិនិយោគនៅកម្ពុជា៕សរន