ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Toyota Motor នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​នៅ​រោងចក្រ​ដំឡើងរថយន្ត​របស់ខ្លួន​ជាច្រើន​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​ដំណើរការ​ខុស​ប្រក្រតី​នៃ​ប្រព័ន្ធ​ផលិតកម្ម​ក្នុងស្រុក​បាន​នាំអោយ​ផ្អាក​ដំណើរការ​នៅ​ឯ​ក្រុមហ៊ុន​រថយន្ត ដែល​លក់ដាច់​បំផុត​របស់​ពិភពលោក​។​

​ក្រុមហ៊ុន Toyota នឹង​បន្ត​ប្រតិបត្តិការ​ឡើង​វិញ​នៅ​ខ្សែ​ផលិតកម្ម​ចំនួន​២៥ នៃ​រោងចក្រ​រាប់សិប​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន​ចាប់​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​តទៅ ហើយ​បន្ថែម​រោងចក្រ​ពីរ​ចុងក្រោយ​ចាប់ពី​ពេល​រសៀល​។​

​ក្រុមហ៊ុន​បន្ត​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​កំហុស​នេះ ដែល​ខ្លួន​និយាយ​ថា​មិនមែន​ដោយសារ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ទេ ដែល​វា​បាន​រារាំង​ខ្លួន​ពី​ការបញ្ជាទិញ​គ្រឿង​បង្គំ​។​

​ការ​គណនា​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​បង្ហាញថា រោងចក្រ​ទាំងអស់​រួម​គ្នា​មាន​ចំនួន​ប្រហែល​មួយ​ភាគបី​នៃ​ផលិតកម្ម​សកល​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​។​

​ផលិតកម្ម​ក្នុងស្រុក​របស់​ក្រុមហ៊ុន​បាន​ស្ទុះ​ងើប​ឡើងវិញ​បន្ទាប់ពី​ការកាត់បន្ថយ​ទិន្នផល​ជា​បន្តបន្ទាប់ ដែល​ខ្លួន​បាន​ស្តីបន្ទោស​លើ​កង្វះ​បន្ទះ​ឈីប​។ ទិន្នផល​បាន​កើនឡើង ២៩% ក្នុង​ខែមករា​ដល់​ខែ​មិថុនា ដែល​ជា​ការ​កើន​ឡើង​លើ​ក​ដំបូង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ការ​គណនា​របស់​រ៉​យ​ទ័របាន​បង្ហាញថា ទិន្នផល​នៅ​ជប៉ុន​ជា​មធ្យម​មាន​ប្រហែល ១៣.៥០០ គ្រឿង​ក្នុង​មួយថ្ងៃ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំនេះ​។ នោះ​មិន​រាប់បញ្ចូល​រថយន្ត​ពី​ក្រុមហ៊ុន​រង Daihatsu និង Hino នោះទេ​៕

​រោងចក្រ​ផលិត​រថយន្ត Toyota នៅ​ជប៉ុន​នឹង​ចាប់ផ្តើម​ផលិត​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ខូច​ប្រព័ន្ធ​ផលិតកម្ម